កម្ពុជាមានអត្រាមរណ:ដោយការលង់ទឹកប្រមាណ ៧.៦នាក់ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់
(ភ្នំពេញ)៖ យោងតាមទិន្នន័យប៉ាន់ស្មានសុខភាពសកលដែលបានចេញផ្សាយក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជា មានអត្រាមរណ:ដោយការលង់ទឹកប្រមាណ ៧.៦នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ ដែលខ្ពស់ជាងមធ្យមភាគក្នុងតំបន់ដែលមាន ៤.៣ នាក់ និងមធ្យមភាគសកលដែលមានតែ ៣.៨នាក់។ ការលង់ទឹកមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ វាអាចកាត់បន្ថយនូវមូលធនមនុស្ស និងបន្ទុកសេដ្ឋកិច្ចនៅទូទាំងពិភពលោកការប៉ាន់ប្រមាណតម្លៃសង្គមនៃការលង់ទឹកមានចំនួន ១៤៦៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥ ដោយសង្កត់ធ្ងន់លើផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនលើមូលហេតុដែល អាចការពារបាននៃការស្លាប់នេះ។ នៅក្នុងនោះជាង ៩០%នៃការស្លាប់ដោយសារលង់ទឹកកើតឡើងនៅក្នុងប្រទេសកម្ពុជា គឺមានចំណូលទាបនិងមធ្យម។ គួរកត់សម្គាល់ថា ៣១%នៃការស្លាប់ដោយសារការលង់ទឹកពាក់ព័ន្ទទនឹងកុមារអាយុក្រោម១៥ឆ្នាំ ហើយអត្រាខ្ពស់បំផុត គឺកុមារដែលមានអាយុ១ដល់៤ឆ្នាំ។
នេះបើតាមការបញ្ជាក់ពី ឯកឧត្តម សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹក នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារមេគង្គវីយូ ថោវើ រាជធានីភ្នំពេញ។
ឯកឧត្តម សាន់ សាប់អី បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានការអភិវឌ្ឍ ដែលឆ្លុះបញ្ចាំងដោយការកើនឡើងនូវសូចនាករ សេដ្ឋកិច្ច និងមនុស្សជាប្រចាំ។ ប្រទេសកម្ពុជាក៏ដូចបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកដែរ នៅតែមានបញ្ហាប្រឈមទៅនឹងសុខភាពសាធារណៈដូចជាបញ្ហាលង់ទឹក។ ក្នុងនោះមនុស្សប្រមាណ ៧៨,០០០នាក់ បាន លង់ទឹកជារៀងរាល់ឆ្នាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដោយជាបធ្យម មានម្នាក់ស្លាប់រៀងរាល់ប្រាំមួយនាទីម្ដង។ អត្រាមរណៈនៃការលង់ទឹកគឺខ្ពស់ដែលបង្ហាញពីបញ្ហាប្រឈម ផ្នែកសុខភាពសាធារណៈជាពិសេសសម្រាប់ក្រុមដែលងាយរងគ្រោះ។
ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និង វិស័យឯកជន ចូលរួមដោះស្រាយបញ្ហាប្រឈមខាងលើនេះទាំងអស់គ្នា ព្រោះការការពារកុមារ ក៏ដូច ជាមនុស្សទូទៅពីហានិភ័យនៃការលង់ទឹកតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងប្រកបដោយ និរន្តរភាព មិនអាចស្ថាប័ន ឬវិស័យណាមួយអាចដោះស្រាយ ហានិភ័យសុខភាពនេះ តែឯងបានទេ ដើម្បីកាត់ បន្ថយអត្រាមរណៈដែលបណ្ដាលមកពីការលង់ទឹកនៅកម្ពុជា។
គួរបញ្ជាក់ថា នៅកម្ពុជា ការលង់ទឹកគឺមានការកើតឡើងជាបន្តបន្ទាប់តាមរូបភាព និងប្រភេទផ្សេងៗគ្នា ទាំងនៅរដូវវក្សារ (ទឹកជំនន់) និងរដូវប្រាំង។ ការលង់ទឹកត្រូវបានចាត់ទុកជាបញ្ហាសុខភាពសាធារណៈ ហើយក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានការពារសុខភាព បានសហការជាមួយក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ដូចជាអង្គការសុខភាពពិភពលោកជាដើម ដែលបានផ្តូចផ្តើមដោះស្រាយបញ្ហានេះ៕
អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា







