ហុងគ្រីព្រមានផ្ទុះសង្រ្គាមលោកលើកទី៣ បើអ៊ុយក្រែនក្លាយជាសមាជិកណាតូ

បរទេស៖ លោក Viktor Orban នាយករដ្ឋមន្ត្រី នៃប្រទេសហុងគ្រី ដែលស្ថិតក្នុងតំបន់កណ្តាល នៃទ្វីបអឺរ៉ុប បានព្រមានថា នឹងផ្ទុះសង្គ្រាមលោក លើកទី៣ ប្រសិនបើប្រទេសអ៊ុយក្រែន ក្លាយជាសមាជិក របស់សម្ព័ន្ធយោធា NATO នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី២៩ ខែមិថុនា។

អំឡុងការបង្ហោះ នៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា លោក Orban បានសរសេរថា «សមាជិកភាពអ៊ុយក្រែន នៅក្នុងអង្គការណាតូ នឹងមានន័យថា សង្រ្គាមជាមួយរុស្ស៊ី និងឈានដល់ការផ្ទុះសង្គ្រាមលោក លើកទី៣ នៅថ្ងៃបន្ទាប់»។

លោកបានបន្ថែមទៀតថា «ការប្រញាប់ប្រញាល់ មិនប្រុងប្រយ័ត្ន របស់សហភាពអឺរ៉ុប ក្នុងការទទួលស្គាល់អ៊ុយក្រែន គឺជាភាពឆ្កួតលីលា ដោយលោកប្តេជ្ញាថា នឹងមិន “អនុញ្ញាតឱ្យពួកគេ ប្រែក្លាយអឺរ៉ុប ទៅជាសមរភូមិ សង្គ្រាមនោះទេ។

ការលើកឡើងរបស់លោក Orban បានកើតឡើង បន្ទាប់ពីលោកបានផ្តល់កិច្ចសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយហុងគ្រី កាលពីថ្ងៃសុក្រ សប្តាហ៍មុន បញ្ជាក់ខ្លឹមសារថា ការទទួលយកអ៊ុយក្រែន ចូលទៅក្នុងសហភាពអឺរ៉ុប នឹងបំផ្លាញប្លុកទាំងមូល រួមទាំង សេដ្ឋកិច្ចរបស់ប្រទេសហុងគ្រី ផងដែរ។ លោកធ្លាប់បានរៀបរាប់ ពីការព្រួយបារម្ភ ចំពោះផលិតផល អ៊ុយក្រែន មានតម្លៃថោក ដែលនឹងប៉ះពាល ដល់កសិករ ហុងគ្រី។

យ៉ាងណាមិញ គេដឹងថា រដ្ឋាភិបាលទីក្រុង Budapest បានប្រឆាំងនឹងគោលនយោបាយរបស់អឺរ៉ុប ជាយូរមកហើយ លើជម្លោះអ៊ុយក្រែន រួមទាំង ការផ្តល់អាវុធ និងការដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ី។ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ទីក្រុង Budapest បានវេតូ សេចក្តីថ្លែងការណ៍រួម របស់ EU ស្តីពីអ៊ុយក្រែន នៅក្រុមប្រឹក្សាកិច្ចការបរទេស ក្នុងទីក្រុង Brussels ដោយបានរារាំងកិច្ចចរចាចូល ជាសមាជិករបស់ទីក្រុងគៀវ។

នៅក្រោមច្បាប់របស់សហភាពអឺរ៉ុប ការយល់ព្រមជាឯកច្ឆ័ន្ទ ពីប្រទេសសមាជិកទាំង២៧ គឺតម្រូវឲ្យមាន មុនពេលចាប់ផ្តើមដំណើរការ បញ្ជូលសមាជិកភាព ណាមួយ៕

ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner