ព្រឹត្តិការណ៍តេក្វាន់ដូជើងឯកអាស៊ីអាគ្នេយ៍លើកទី២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានបន្សល់ទុកនូវមរតកដ៏មានតម្លៃមួយ សម្រាប់វិស័យកីឡារបស់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បានថ្លែងលើកឡើងថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍លើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មិនត្រឹមតជាព្រឹត្តិការណ៍ប្រកួតប្រជែងដណ្តើមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសាលាជីវិតមួយដ៏ធំ ដែលបានបង្រៀនយើងនូវមេរៀនដ៏មានតម្លៃជាច្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសក្នុងពិធីបិទការប្រកួតជាផ្លូវការ កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិ រួមជាមួយនឹងការអញ្ជើញផ្តល់កិត្តិសពីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC និងលោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ។

ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍រយៈពេល៣ថ្ងៃនេះ បានបន្សល់ទុកនូវ មរតកដ៏មានតម្លៃមួយ សម្រាប់វិស័យកីឡារបស់កម្ពុជា ក៏ដូចជាតំបន់ទាំងមូល។ វាបានបន្សល់ទុកនូវបទពិសោធន៍ថ្មីៗ ចំណងមិត្តភាពរឹងមាំ និងជាពិសេសបានបំផុសស្មារតី ស្រឡាញ់កីឡា និងការអភិវឌ្ឍខ្លួនឯង ដល់យុវជនជំនាន់ក្រោយ។ កីឡាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពី សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិក្នុងតំបន់។ ការបានឃើញកីឡាករមកពីប្រទេសផ្សេងៗគ្នា ប្រកួតប្រជែងដោយស្មោះត្រង់ រួចចាប់ដៃគ្នាដោយស្នាមញញឹម បង្ហាញឱ្យឃើញពីតម្លៃពិតនៃកីឡា ដែលជាស្ពានភ្ជាប់ទំនាក់ទំនង និងកសាងសន្តិភាព។

ឯកឧត្តម កែវ រ៉េមី បានរំលេចថា ការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំធេងបែបនេះ មិនអាចកើតឡើងបានឡើយ ប្រសិនបើប្រទេសយើង មិនមាន សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំ។ ភាពជោគជ័យនេះ គឺជាផ្លែផ្កាដ៏ត្រចះត្រចង់នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ។ ក្រោមការដឹកនាំបន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបន្តឈានទៅមុខយ៉ាងលឿនលើគ្រប់វិស័យ ដែលជាកត្តាអនុគ្រោះដ៏សំខាន់ សម្រាប់ការអភិវឌ្ឍវិស័យកីឡា និងធនធានមនុស្ស។ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់វិស័យកីឡា ព្រោះយើងជឿជាក់ថា កីឡា គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងសង្គមជាតិមួយដែលរឹងមាំ។ កីឡាផ្តល់នូវសុខភាពល្អ ស្មារតីរឹងមាំ គំនិតភ្លឺស្វាង និងចរិតថ្លៃថ្នូរ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។ នៅពេលប្រជាពលរដ្ឋមានសុខភាពល្អ និងមានវិន័យ ពួកគេនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសង្គម។បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់សូមបន្តខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្លាំងពូកែ និងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ធំៗនាពេលអនាគត។ «សូមចងចាំថា ជ័យជម្នះពិតប្រាកដ គឺស្ថិតនៅលើការយកឈ្នះខ្លួនឯងរាល់ថ្ងៃ តាមរយៈការតស៊ូហ្វឹកហាត់ដោយវិន័យខ្ពស់ និងរក្សាបាននូវស្មារតីសីលធម៌ល្អ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការររៀបចំ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងភាគីពាក់ព័ន្ឋទាំងអស់ ដែលបានសហការរៀបចំកម្មវិធីដ៏ធំនេះបានយ៉ាងរលូន និងជោគជ័យ។ ខ្ញុំសូមឆ្លៀតឱកាសនេះថ្លែងអំណរគុណជាពិសេសដល់ ក្រុមការងាររៀបចំទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការធានាឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យដ៏ត្រចះត្រចង់។ ការខិតខំប្រឹងប្រែងរបស់បងប្អូន គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យើងនៅថ្ងៃនេះ។

គួរបញ្ជាក់ថា លទ្ធផលផ្លូវការនៃការប្រកួតប្រជែង គឺម្ចាស់ផ្ទះ កម្ពុជា ឈរលេខ១ មេដាយសរុប៩០គ្រឿង ម៉ាឡេស៊ី ឈរលេខ២ ទទួលបានមេដាយសរុប ៥០គ្រឿង (មាស ១១ ប្រាក់ ១៧ និងសំរឹទ្ធ ២២) វៀតណាម ឈរលេខ៣ មេដាយសរុប ៣២គ្រឿង (មាស ២ ប្រាក់ ៥ និងសំរឹទ្ធ ២៥), ហ្វីលីពីន ឈរលេខ៤ មេដាយសរុប ១៦គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ១៣), សិង្ហបុរី ឈរលេខ៥ មេដាយសរុប ៥គ្រឿង (មាស ១ ប្រាក់ ២ និងសំរឹទ្ធ ២) ខណៈឥណ្ឌូណេស៊ី ឈរលេខ៦ ជាមួយនឹងការដណ្តើមបានមេដាយសរុប ២គ្រឿង (មាស ១ និងប្រាក់ ១)៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner