សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ត្រៀមរួចរាល់អស់ហើយសម្រាប់នាំចេញ ផលិតផលកសិកម្មរបស់កសិករទៅក្រៅប្រទេស ។ រាជរដ្ឋាភិបាល ក៏ធានានូវសន្តិសុខស្បៀងផ្ទៃក្នុង ជូនដល់បងប្អូនប្រជាពលរដ្ឋ បើទោះបីប្រទេសជិតខាង គេបិទច្រកជាមួយប្រទេសកម្ពុជាក៏ដោយនោះ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
សម្ដេចធិបតី បានអរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមគាំទ្រ ដល់ផលិតផល កសិផលខ្មែរ ក្នុងកាលៈទេសៈនេះ ខណៈសម្ដេចបញ្ជាក់ថា ទោះបីព្រំដែនកម្ពុជា-ថៃមិនបើក រាជដ្ឋាភិបាលបានត្រៀមរួចហើយ ដើម្បីនាំផលិតផលខ្មែរ ទៅកាន់ប្រទេសផ្សេងៗទៀត ។
សម្ដេច បានបញ្ជាក់ថា សម្ដេចបានបញ្ជារួចហើយឱ្យក្រសួងពាក់ព័ន្ធ ពិនិត្យមើលជំរុញការកែច្នៃ ផលិតផលខ្មែរ ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ទាំងផលិតផលកសិផលបន្លែ និងសាច់ និងបន្តជំរុញ លើវិស័យកសិឧស្សាហកម្មនៅនឹងកន្លែង ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់ ពិភពលោកផងដែរ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា នៅបឹងទន្លេបាទី ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ។
ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។