ឯកអគ្គរដ្ឋទូត អរគុណ សម្ដេចតេជោ ដែលបានជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡែស្ត ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅខែតុលាខាងមុខនេះ
(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូត អរគុណសម្ដេចតេជោ ដែលបានជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡែស្ត ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នាខែតុលាខាងមុខនេះ ។ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ថ្លែងដូច្នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រោយឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះសម្តេចតេជោបានសម្ដែងនៅក្តីរីករាយ ដែលបានជួបឯកឧត្តមសារជាថ្មី តែក៏សោកស្ដាយដែលឯកឧត្តមបានផុតអាណត្តិនៅកម្ពុជា។ សម្ដេចបានបន្តថា ក្នុងរយៈពេលដែលឯកឧត្តមបានបំពេញបេសកកម្មការងារនៅកម្ពុជា បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ហើយបានធ្វើការងារជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយនិយាយដោយឡែកជាមួយសម្ដេចដែលឯកឧត្តមបានបំពេញការងារដើម្បីពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងទីម័ឡែស្តឲ្យកាន់តែល្អប្រសើរ ហើយសម្ដេចបានចាត់ទុកឯកឧត្តមថាជាឯកអគ្គរដ្ឋទូតមួយដែលបានរឹតចំណងមិត្តភាពរវាងកម្ពុជានិងទីម័រឡែស្ត។
ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រឡែស្តបានជម្រាបសម្ដេចតេជោថា ឯកឧត្តមស្រលាញ់ប្រទេសកម្ពុជា និងចាត់ទុកប្រៀបបានដូចប្រទេសទី២ ហើយថ្វីត្បិតតែពេលនេះ ឯកឧត្តមបានចប់អាណត្តិនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបេះដូងរបស់ឯកឧត្តមនៅជាប់ជាមួយនឹងប្រជាជនកម្ពុជា ជាប់ជាមួយថ្នាក់ដឹកនាំកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអរគុណសម្ដេចតេជោ ដែលបានជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡែស្ត ឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលាខាងមុខ ។ ឯកឧត្តមបានលើកឡើងថា ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសម្ដេចតេជោទេ ទីម័រឡែស្ត មិនអាចក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងឆ្នាំខែតុលាខាងមុខនេះទេ ។ ដូច្នេះ នេះគឺជាគុណរបស់សម្ដេចតេជោដែលបានចូលរួមចំណែកដល់ទីម័រឡែស្ត ហើយឈ្មោះសម្ដេចតេជោ នឹងស្ថិតនៅជាប់និងប្រជាជនទីម័រឡែស្តគ្រប់កាលៈទេសៈ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការពេញចិត្តចំពោះកិច្ចការងារដែលបានធ្វើការងារមួយចំនួនជាមួយឯកឧត្តមឯកគ្គរដ្ឋទូតទីម័រឡែស្ត ហើយសម្ដេចតេជោក៏រំលឹកអំពីដំណើរទស្សនៈកិច្ចរបស់សម្ដេចទៅកាន់ទីម័រឡែស្តកាលពីពេលកន្លងទៅ ដែលទទួលបាននូវភាពជោគជ័យ ហើយទទួលបាននូវការស្វាគមន៍យ៉ាងរាក់ទាក់ ដែលមានឯកឧត្តមប្រធានាធិបតីទីម័រឡែស្តជាអ្នកបើកឡានជូនដំណើរសម្ដេច និងនាយករដ្ឋមន្ត្រីនៅអមពីក្រោយ ដែលនេះជាប្រវត្តិសាស្ត្រមួយដែលបានកើតឡើង នៃទំនាក់ទំនងរវាងកម្ពុជានិង ទីម័រឡែស្ត។
នាឱកាសនោះ សម្ដេចតេជោបានពន្យល់ឯកឧត្តមអគ្គរដ្ឋទូតទីម័រឡែស្ត អំពីស្ថានភាពព្រំដែននៅកម្ពុជា គឺបញ្ហាជម្លោះកម្ពុជា-ថៃ ដោយសម្ដេចបានបញ្ជាក់ពីការចាប់ផ្ដើមដោយទាហានថៃបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី ២៨ ខែឧសភា និងការបិទព្រំដែនជាឯកតោភាគី។ សម្ដេចបានបញ្ជាក់ថា កម្ពុជា ទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់ គឺមិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ គឺយើងចង់ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពានកម្ពុជាគឺយើងត្រូវប្រើសិទ្ធិការពារនៅវៃបកត្រឡប់ទៅវិញ ។
ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រឡែស្ត បានអរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និងគោលបំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា ឯកឧត្តមក៏បានកោតសរសើរចំពោះសម្ដេចតេជោ ក្នុងការដោះស្រាយបញ្ហាសំខាន់ៗជាច្រើនរបស់កម្ពុជា ដែលជាអ្នកយុទ្ធសាស្ត្រដ៏អស្ចារ្យមួយ ដែលឯកឧត្តមបានរៀនសូត្រ និងគោរពជាទីបំផុតដែលសម្ដេចបានធ្វើកន្លងមក។ ឯកឧត្តមសង្ឃឹមថាខាងមុខទៀត ទីម័រឡែស្ត នឹងយកកម្ពុជាជាគំរូក្នុងការដោះស្រាយបញ្ហាក៏ដូចជាការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពល្អប្រសើរបន្ថែមទៀត ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ








