Paetongtarn ថាទទួលយកការសម្រេចរបស់តុលាការធម្មនុញ្ញ
បាងកក ៖ ផ្អែកតាមកាសែត The Nation ចេញផ្សាយ នៅមុននេះបន្តិច លោកស្រី នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បាននិយាយថា លោកស្រីទទួលយកសេចក្តីសម្រេច របស់តុលាការធម្មនុញ្ញ ដែលសម្រេចព្យួរលោកស្រី ពីតួនាទី ជានាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណា លោកស្រី ប្ដេជ្ញាការពារខ្លួននៅតុលាការ ដោយពន្យល់ថា ការហៅទូរស័ព្ទ របស់លោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន គឺធ្វើឡើង ក្នុងចេតនាល្អ សម្រាប់ប្រទេសថៃ។
សេចក្តីថ្លែងការណ៍មួយ បាននិយាយថា «តុលាការធម្មនុញ្ញ ដែលមានសំឡេងភាគច្រើន ៧ទល់នឹង២ ព្យួរតំណែង នាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី ១ ខែកក្កដា រហូតដល់តុលាការធម្មនុញ្ញ ចេញសេចក្តីសម្រេចថ្មី»។
ការព្យួរតំណែងនេះ បានកើតមានឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភា ខាងអភិរក្សនិយមមួយក្រុម បានលើកសំណុំរឿងចោទប្រកាន់លោកស្រី Paetongtarn ជុំវិញការចោទថា បទបំពានក្រមសីលធម៌ ក្រោយបែកធ្លាយសារសន្ទនា តាមទូរស័ព្ទ។
ការព្យួរនេះ ក៏បានកើតឡើង ក្រោយក្រុមបាតុករ បានចាប់ផ្តើមធ្វើបាតុកម្ម ទាមទារឲ្យលោកស្រី ចុះចេញពីតំណែង កាលពីចុងសប្តាហ៍។ គួរបញ្ជាក់ថា លោកស្រី Paetongtarn ក្នុងវ័យ ៣៨ឆ្នាំ បានចូលកាន់តំណែង មិនទាន់បានមួយឆ្នាំ នោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត