ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត , ភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទេសចរណ៍ និងកសិកម្ម

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលជួបឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានព្រឹទ្ធសភា ដើម្បីពិភាក្សាការពង្រឹងទំនាក់ទំនងទ្វេភាគី នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយចំពោះដំណើរទស្សនកិច្ចនេះ ដែលសម្ដេចចាត់ទុកថា ជាផ្នែកសំខាន់ក្នុងការជំរុញទំនាក់ទំនងកម្ពុជា-អារ៉ាប៊ីសាអូឌីត ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅកាលពីសម្ដេចបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតកន្លងទៅ។

ឯកឧត្តមប្រធានសភាអារ៉ាប៊ីសាអូឌីត បានថ្លែងអំណរគុណសម្ដេចតេជោចំពោះការទទួលជួបពិភាក្សា និងបានកោតសរសើរពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបង្ហាញបំណងចង់ឃើញទំនាក់ទំនងនេះកាន់តែប្រសើរឡើងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ។

ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ពិសេសនោះ ឯកឧត្តមចាប់អារម្មណ៍ខ្លាំងលើវិស័យ កសិកម្ម និងទេសចរណ៍ នៅកម្ពុជា។ ចំពោះវិស័យទេសចរណ៍ ឯកឧត្តមបានលើកឡើងពីកង្វះជើងហោះហើរត្រង់ និងក្រុមហ៊ុនទេសចរណ៍រវាងប្រទេសទាំងពីរ ហើយចង់ឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងលើសំណើរបស់ឯកឧត្តមប្រធានរដ្ឋសភា។ សម្ដេចបានសង្កត់ធ្ងន់លើសក្ដានុពលដ៏សម្បូរបែបនៃវិស័យ កសិកម្ម កម្ពុជា ដែលត្រូវការការវិនិយោគពីបរទេស។ សម្ដេចបានជំរុញឱ្យវិនិយោគិនអារ៉ាប៊ីសាអូឌីតពិនិត្យលទ្ធភាពវិនិយោគលើកសិកម្ម និងកសិឧស្សាហកម្ម ជាពិសេសការកែច្នៃផលិតផលកសិកម្មដើម្បីនាំចេញ ព្រោះកម្ពុជាមានវត្ថុធាតុដើមច្រើនតែខ្វះខាតការកែច្នៃ។ សម្ដេចក៏បានលើកឡើងពីអង្ករកម្ពុជាដែលគ្មានជាតិគីមី និងមានគុណភាពខ្ពស់ អាចវាយលុកទីផ្សារអន្តរជាតិបាន។

ទាក់ទងនឹងវិស័យទេសចរណ៍ សម្ដេចតេជោចង់ឃើញមាន ជើងហោះហើរត្រង់ ពីអារ៉ាប៊ីសាអូឌីតមកកម្ពុជា ដែលមិនត្រឹមតែជួយសម្រួលដល់ប្រជាជនអារ៉ាប៊ីសាអូឌីតទេ តែក៏អាចទាក់ទាញភ្ញៀវទេសចរពីតំបន់មជ្ឈិមបូព៌ាទាំងមូលមកកម្ពុជាផងដែរ ដែលនឹងបង្កើនការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។

លើសពីនេះ សម្ដេចតេជោក៏បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ពីមូលហេតុនៃការផ្ទុះឡើងនៃបញ្ហា ដែលផ្ដើមចេញពីទាហានថៃចូលមកបាញ់សម្លាប់ទាហានកម្ពុជានៅថ្ងៃទី២៨ ខែឧសភា កន្លងទៅ រួមនឹងការបិទព្រំដែនជាឯកតោភាគី និងការគំរាមកំហែងផ្សេងៗ។

ឯកឧត្តមប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីតបានថ្លែងអំណរគុណសម្ដេចតេជោចំពោះព័ត៌មានលម្អិតអំពីបញ្ហាព្រំដែន។ ឯកឧត្តមបានបង្ហាញការយល់ដឹងអំពីប្រវត្តិសាស្ត្រកម្ពុជា និងបានកត់សម្គាល់ពីការរីកចម្រើននិងសុខសន្តិភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តមសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លានាពេលអនាគត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner