ពុកម៉ែបងប្អូននិយមកីឡាវាយសី សូមចូលរួមទាំងអស់គ្នា គាំទ្រកីឡាករកីឡាការិនីវាយសីកម្ពុជា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ឆ្នាំ២០២៥
ភ្នំពេញ៖ ពុកម៉ែបងប្អូនដែលនិយមកីឡាវាយសី អាចចូលរួមទស្សនាការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ឆ្នាំ២០២៥ ដោយសេរី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១២ ខែ កក្តដា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍កម្រិតតំបន់ដែលមាន៥ប្រទេសចូលរួមនេះ គឺជាលើកទី២ហើយ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ដោយការរៀបចំកាលពីលើកទី១ធ្វើឡើងនៅក្នុងឆ្នាំ២០២៣ ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
ការប្រកួតកីឡាវាយសីអន្តរជាតិដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២នេះ មាន៥ប្រទេសចូលរួមមានដូចជា៖ កម្ពុជាម្ចាស់ផ្ទះ ឡាវ ប្រ៊ុយណេ មីយ៉ាន់ម៉ា និងទីម័រ។ ដោយធ្វើការប្រកួតលើ៣ប្រភេទអាយុ មានដូចជា៖ ក្រោមអាយុ១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម២៣ឆ្នាំ ។
គួរបញ្ជាក់ថា សម្រាប់សមាសភាពកីឡាករ កីឡាការិនីវាយសីកម្ពុជា ផ្នែកក្រុម U23 មាន១២នាក់ ដែលនឹងចូលរួមប្រជែងជាមួយកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសចំនួន៤ ក្នុងតំបន់ ខណៈផ្នែកក្រុមក្រោម១៧ឆ្នាំ មានកីឡាករ កីឡាការិនី៩នាក់ និងក្រោម១៥ឆ្នាំមានកីឡាករ កីឡាការិនីកម្ពុជា ៦នាក់៕




ដោយ ជាវ ចន្ធូ