បេឡារុសនឹងក្លាយឃ្លាំងស្តុកមីស៊ីលល្បឿនលឿនជាងសំលេងរបស់រុស្ស៊ីនៅចុងឆ្នាំនេះ
មីនស្ក៍ ៖ មេដឹកនាំបេឡារុសបានប្រកាសដោយបើកចំហរថា ប្រទេសរបស់ខ្លួននឹងដើរតួជាឃ្លាំងស្តុកមីស៊ីល Oreshnik របស់រុស្ស៊ី ដូចអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកន្លងមក ហើយមីស៊ីលទាំងនោះនឹងដឹកមកដល់ទឹកដីបេឡារុសនៅត្រឹមចុងឆ្នាំ២០២៥។

លោកប្រធានាធិបតី Alexander Lukashenko បានថ្លែងក្នុងអំឡុងព្រឹត្តិការណ៍រំលឹកខួបបុណ្យឯករាជ្យជាតិបេឡារុស កាលពីថ្ងៃអង្គារថា ដូចដែលយើងបានយល់ព្រមជាមួយលោកប្រធានាធិបតី Putin នៅទីក្រុង Volgograd … ទីតាំងដំបូងរបស់មីស៊ីល Oreshnik នឹងដាក់ពង្រាយនៅលើទឹកដីបេឡារុស ហើយអ្នកបានឃើញអនុភាពរបស់ Oreshnik រួចមកហើយ កាលពីចុងឆ្នាំមុន។

យោងតាមសេចក្តីរាយការណ៍របស់ BBC បានឱ្យដឹងថា មីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំលេង Oreshnik អាចធ្វើដំណើរក្នុងល្បឿន Mach 10 ឬលឿនជាងសំលេងដល់ទៅ១០ដង ពោលគឺមានល្បឿនពី ២.៥ ទៅ ៣គីឡូម៉ែត្រក្នុងមួយវិនាទី និងហោះបានចម្ងាយជាង ៥.៤០០គីឡូម៉ែត្រក្នុងរយៈពេលកន្លះម៉ោង ហើយមិនអាចស្ទាក់ចាប់បានដោយប្រព័ន្ធការពារដែនអាកាសឡើយ។
មីស៊ីល Oreshnik នេះទៀតសោត ត្រូវបានប្រើប្រាស់លើកដំបូងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបាញ់ដាក់លើទីក្រុងឧស្សាហកម្ម Dnipro ដែលជាមជ្ឈមណ្ឌលផលិតសព្វាវុធដ៏ធំមួយរបស់អ៊ុយក្រែន ជាអ្វីដែលលោក Putin បញ្ជាក់ថា ជាការឆ្លើយតបការដែលអ៊ុយក្រែនប្រើប្រាស់មីស៊ីល ATACMs របស់អាមេរិក និង Storm Shadows របស់ចក្រភពអង់គ្លេស វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី។
មីស៊ីលរយៈចម្ងាយមធ្យមមានល្បឿនលឿនជាងសំឡេងនេះ ត្រូវបានគេជឿជាក់ថា មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ បើទោះបីជាលោកប្រធានាធិបតី Putin ធ្លាប់បានថ្លែងថា ក្បាលគ្រាប់ធម្មតារបស់វា ក៏អាចបង្កការបំផ្លិចបំផ្លាញ ប្រៀបដូចជាការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរក្នុងកម្រិតទាបដែរ៕
ប្រភព ៖ RT និង BBC ប្រែសម្រួល ៖ ឈឹម ទីណា
