ក្រុមអាជីវកម្មរណ្តៅដីនៅស្រុកកោះធំស្នើសុំឲ្យមានការសម្របសម្រួល ខណៈប្រធានការិល័យរ៉ែបដិសេធ ករណីមន្ត្រីធនធានទឹកដើរប្រមូលលុយធ្វើច្បាប់រ៉ែ ដោយប្រើឈ្មោះក្រុមការងាររ៉ែ
ខេត្តកណ្តាល៖ ការស្នើសុំនេះ បន្ទាប់ពីពួកគាត់បានទទួលដំណឹងថា មន្ត្រីធនធានទឹក ស្រុកកោះធំម្នាក់ដែលក្រុមអាជីវកម្មរណ្តៅដីអះអាងថាឈ្មោះ ប្រុក រស់ មានឋានៈជាប្រធានការិយាល័យធនធានទឹកស្រុកកោះធំផងនោះ បានដើរប្រមូលលុយពីម្ចាស់ធ្វើអាជីវកម្មរណ្តៅដីជាច្រើននៅស្រុកកោះធំក្នុងមួយរណ្តៅដីចាប់២០០ដុល្លារឡើងទៅដើម្បីធ្វើច្បាប់រ៉ែ ដោយប្រើឈ្មោះក្រុមការងាររ៉ែ ខណៈលោក ប៉ិច វុទ្ធី ប្រធានការិយាល័យរ៉ែទទួលបន្ទុកស្រុកស្អាង និងស្រុកកោះធំបានឆ្លើយបដិសេធមិនដឹងរឿងនេះរយៈពេលមួយឆ្នាំចុងក្រោយនេះ ។
ក្រុមធ្វើអាជីវកម្មរណ្តៅដីកំពុងមានការបារម្ភជាខ្លាំងនៅពេលដែលពួកគាត់បានឲ្យលុយទៅឈ្មោះ ប្រុក រស់ ដើម្បីធ្វើច្បាប់រ៉ែ តែបែរជាលោក ប៉ិច វុទ្ធី ប្រធានការិយាល័យរ៉ែឆ្លើយថា មិនដឹងរឿងនេះរយៈពេលពេញមួយឆ្នាំនោះ ។ក្រុមម្ចាស់រណ្តៅដីបានលើកឡើងទៀតថា មន្ត្រីធនធានទឹករូបនេះ បានចេះតែបង្ខំឲ្យពួកគាត់យកលុយទៅបង់នៅសាលាស្រុកកោះធំដើម្បីធ្វើច្បាប់រ៉ែ ពួកគាត់ក៏បាននាំគ្នាទៅបង់លុយតាមការកោះអញ្ជើញរបស់មន្ត្រីរូបនេះ ហើយពួកគាត់ក៏មិនទាន់ទទួលច្បាប់ពីមន្ត្រីរ៉ែរហូតមកដល់ថ្ងៃនេះ ដោយគិតថាចេះតែដំណើរការជាធម្មតាព្រោះយល់ថាបានបង់លុយហើយ ។ ប៉ុន្តែឥឡូវនេះបែរជាទទួលដំណឹងថា មន្ត្រីរ៉ែមិនបានដឹងរឿងនេះទៅវិញ ។
លោក ប៉ិច វុទ្ធី ប្រធានការិយាល័យរ៉ែបានប្រាប់តាមទូរស័ព្ទថា លោកមិនបានពាក់ព័ន្ធការប្រមូលលុយពីក្រុមអាជីវកម្មរណ្តៅដីនោះទេក្នុងរយៈពេលមួយឆ្នាំនេះ ។ លោកបាននិយាយថា លោកមិនទទួលស្គាល់ទេនូវករណីនេះ ក្រុមអាជីវកម្មរណ្តៅដីទាក់ទងជាមួយមន្ត្រីរូបណាដើម្បីធ្វើច្បាប់រ៉ែ សូមទៅយកច្បាប់ពីអ្នកនោះចុះ ចំណែកលោករង់ចាំតែបញ្ជាពីថ្នាក់លើ ប្រសិនបើបង្គាប់ឲ្យលោកចុះអនុវត្តច្បាប់ លោកនឹងចាត់វិធានការតាមច្បាប់ហើយ ប្រសិនបើលោករកឃើញថា រណ្តៅដីណាមួយមិនមានច្បាប់នោះ៕ ធ.ដ