រុស្ស៊ីថា សង្គ្រាមនឹងឆាប់ចប់ បើសិនកាត់ផ្តាច់ជំនួយសព្វាវុធដល់អ៊ុយក្រែន

មូស្គូ ៖ វិមានក្រឹមឡាំង កាលពីថ្ងៃពុធ បានសាទរការសម្រេចចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការបញ្ឈប់បញ្ជូនសព្វាវុធយោធាសំខាន់ៗទៅឱ្យអ៊ុយក្រែន ដោយរុស្ស៊ីបានអះអាងថា ការកាត់បន្ថយនាំចេញសព្វាវុធទៅកាន់ទីក្រុងកៀវ នឹងជួយបញ្ចប់សង្គ្រាមកាន់តែលឿន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ទោះក្នុងកាលៈទេសៈណាក៏ដោយ បើសិនចំនួនសព្វាវុធបញ្ជូនទៅកាន់អ៊ុយក្រែនកាន់តែតិចតួចស្តួចស្តើងជាងមុន នោះការបញ្ចប់ប្រតិបត្តិការយោធារបស់រុស្ស៊ីក៏កាន់តែខិតជិតដល់ទីបញ្ចប់ដែរ។

ការអត្ថាធិប្បាយរបស់លោក Peskov កើតឡើងបន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសកាត់ផ្តាច់ជំនួយសព្វាវុធយោធាសំខាន់ៗមួយចំនួនទៅកាន់អ៊ុយក្រែន រួមទាំងមីស៊ីលការពារដែនអាកាសដ៏សំខាន់ផងដែរ ដោយសារតែព្រួយបារម្ភថា ឃ្លាំងស្តុកអាវុធរបស់អាមេរិកមានកម្រិតទាបពេក។

ភ្លាមៗ អ៊ុយក្រែនបានចេញមុខព្រមានកាលពីថ្ងៃពុធថា ការសម្រេចចិត្តបែបនេះរបស់ភាគីអាមេរិក នឹងធ្វើឲ្យសមត្ថភាពការពារប្រទេសរបស់ខ្លួន ពីការវាយប្រហាររបស់រុស្ស៊ី កាន់តែចុះខ្សោយជាងមុន។

លើសពីនេះ ក្រសួងការបរទេសអ៊ុយក្រែនថែមទាំងបានកោះហៅបេសកជនអាមេរិក ដើម្បីបង្ហាញការព្រួយបារម្ភ និងបានអះអាងថា ការពន្យារពេលផ្គត់ផ្គង់ជំនួយយោធាណាមួយ នឹងលើកទឹកចិត្តឲ្យជនឈ្លានពានរុស្ស៊ីបន្តសង្គ្រាមថែមទៀត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner