កម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ«ផ្តល់ឈាមសង្រ្គោះជីវិត» (Give Blood Save Lives)

(ភ្នំពេញ)៖ ក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធ (Soma Initiative) បានរួមសហការគ្នាជាមួយនិងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បង្កើតកម្មវិធី សប្បុរសធម៌ ផ្តល់ឈាម ក្រោមប្រធានបទ «ផ្តល់ឈាមសង្រ្គោះជីវិត» (Give Blood Save Lives) ដែលមានរយៈពេលពេញមួយថ្ងៃចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅអគារ TheCommune ទួលគោក ដែលមានអាស័យដ្ឋានស្ថិតនៅផ្លូវ៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងមានការចូលរួម ពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនដែលតែងតែធ្វើឡើង ជារៀងរាល់ឆ្នាំ។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍អប្សរា លោក ជឹង ទូច អគ្គលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន Soma Initiative បានឱ្យដឹងថា កម្មវិធីបរិច្ចាកឈាមនេះគឺជាផ្នែកមួយនៃ SOMA INITIATIVE ជាគម្រោងផ្តល់គុណតម្លៃរបស់សោម៉ាគ្រុបនិងបុត្រសម្ព័ន្ធ ដោយបានធ្វើការងារច្រើនផ្តោតទៅលើការងារសង្គម បរិស្ថាន សុខភាព អនាម័យ ការអប់រំ និងលើកកម្ពស់ជីវភាពប្រជាជននៅមូលដ្ឋាន ។

លោកបន្ថែមថា កម្មវិធីបរិច្ចាកឈាមនៅថ្ងៃនេះគឺជាកម្មវិធីមួយនៅក្នុងផ្នែកខាងសុខភាពអនាម័យ ដោយសហការជាមួយនិងមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងបុត្រសម្ព័ន្ធរបស់សោម៉ា ជាកម្មវិធីមួយដែលបានយ៉ាងតិច១ឆ្នាំ២ដង ដើម្បីប្រមូលអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម ផ្តល់ជូនដល់អ្នកត្រូវការឈាម នៅតាមមន្ទីរពេទ្យនានានោះទេ លើសពីនេះ ក៏បានជួយទៅដល់បុគ្គលិក សាច់ញាតិដែលត្រូវឈាមសង្រ្គោះបន្ទាន់ផងដែរ។

លោក ជា ស៊ីន សាកលវិទ្យាធិការរងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងជាអនុប្រធានSOMA INITIATIVE របស់ក្រុមហ៊ុនសោម៉ាគ្រុប បានបង្ហាញនូវមោទនភាពជាមួយនិងកម្មវិធីបរិច្ចាកឈាមដែលបានផ្តល់គុណតម្លៃខ្ពស់ចំពោះឈាម ដែលនិងអាចចូលរួមជួយសង្រ្គោះអាយុជីវិតអ្នកដែលមានតម្រូវការឈាមក្នុងនោះមានអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ សង្រ្គោះបន្ទាន់ និងអ្នកមានជំងឺប្រចាំកាយផងដែរ។ គិតត្រឹមថ្ងៃនេះលោក ជា ស៊ីន បានបរិច្ចាគឈាមបានចំនួន៣០ ដងមកហើយ ខណៈដែលឆ្នាំនេះ គឺជាលើកទី២ ដែលលោកបានផ្តល់ឈាមម្តងរួចមកហើយ កាលពីខែមករា ឆ្នាំ២០២៥កន្លងទៅនេះ។

លោកវេជ្ជបណ្ឌិត ខៃ សុខហេង អនុការិយាល័យបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងប្រាប់អប្សរាថា ឈាមពិតជាមានសារៈសំខាន់ណាស់ ប្រសិនបើអ្នកដែលរងគ្រោះដែលត្រូវការឈាមបន្ទាន់នោះប្រសិនបើមិនមានការចាក់បញ្ចូលឈាមទៅលើ អ្នកដែលបានបាត់បង់ឈាមលើសពី៣០ភាគរយនោះទេ គឺមិនអាចជួយសង្រ្គោះជីវិតបានទាន់ពេលវេលានោះទេ។ លោកវេជ្ជបណ្ឌិត ខៃ សុខហេង គួសបញ្ជាក់ថា «ការបរិច្ចាគឈាមរបស់សប្បុរសជននៅថ្ងៃនេះពិតជាបានផ្តល់នូវពន្លឺថ្មីមួយដល់អ្នករងគ្រោះដែលត្រូវការឈាមជាចាំបាច់»។

គួរបញ្ជាក់ថា លក្ខណ្ឌដែលអ្នកបរិច្ចាគឈាម អាចចូលរួមបរិច្ចាគបាន គឺត្រូវមានអាយុពី១៨ ដល់៦០ឆ្នាំ មានទំងន់ចាប់ពី៤៥គីឡូឡើងទៅ ហើយត្រូវមានសម្ពាធឈាមល្អ ហើយការចូលរួមនោះមិនប៉ះពាល់ទៅដល់សុខភាពនោះទេ ប្រសិនបើគ្រូពេទ្យពិនិត្យទៅឃើញថាសុខភាពល្អគាត់អាចចូលរួមបាន ខណៈដែលបរិច្ចាគម្តងអស់ត្រឹមតែ៧ភាគរយនៃចំណុះឈាមដែលមាននៅក្នុងខ្លួនយើង ដែលនិងទទួលបាននូវគុណប្រយោជន៍ដល់ការកាត់បន្ថយជាតិខ្លាញក្នុងបេះដូង ក្នុងឈាម កាត់បន្ថយជាតិដែលលើស ហើយជាតិដែកដែលលើសមិនអាចប្រើថ្នាំ ឬធ្វើយ៉ាងណាផ្សេងមិនអាចកាត់បន្ថយបាននោះទេក្រៅពីការបរិច្ចាគឈាម ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner