ស្រ្តីពលករខ្មែរម្នាក់ ឈឺពោះពេលឆ្លងព្រំដែនប៉ោយប៉ែត ត្រូវបានជួយសង្រ្គោះដោយគ្រូពេទ្យកម្ពុជា
បន្ទាយមានជ័យ៖ស្រ្តីពលករខ្មែរម្នាក់ឈ្មោះ សេង កែវមុនី បានឈឺពោះសម្រាលកូន នៅក្នុងទឹកដីប្រទេសថៃខណៈ ធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ។ភាគីថៃបានបញ្ជូនស្រ្តីរូបនេះ ដោយថ្មើរជើងឆ្លងស្ពានព្រំដែនច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចូលមកម្ពុជាវិញ។

ដោយឃើញស្ថានភាពបែបនេះក្រុមការងារចម្រុះ រួមជាមួយគ្រូពេទ្យប្រចាំការនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានអន្តរាគមន៍ជួយបញ្ជូនស្រ្តីមានផ្ទៃពោះខាងលើទៅមន្ទីរពេទ្យបង្អែកដីថ្មី និងសម្រាលកូនដោយសុវត្ថិភាព។

លោក អោក ទីណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានឱ្យដឹងថា អ្នកស្រី សេង កែវមុនី បានសម្រាលកូនដោយសុវត្ថិភាព នាម៉ោងជាង២រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៥ ដោយគ្រូពេទ្យកម្ពុជា។អ្នកស្រីសម្រាលបានកូនប្រុស ទម្ងន់ជាង៣ គីឡូក្រាម។លោកប្រធានមន្ទីរពេទ្យបន្តថា ទាំងម្តាយនិងកូន មានសុខភាពល្អធម្មតា៕
ដោយ៖ឃិន គន្ធា

