លោក ពូទីន ថា រុស្ស៊ីនឹងមិនបោះបង់គោលដៅយោធាក្នុងសង្គ្រាមអ៊ុយក្រែនឡើយ
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងបន្តសម្រេចឱ្យបាននូវគោលដៅយោធារបស់ខ្លួន នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
ជំនួយការរបស់វិមានក្រឹមឡាំង លោក Yury Ushakov និយាយថា ការជជែកគ្នារយៈពេលមួយម៉ោងរវាងលោកប្រធានាធិបតីទាំងពីរ បានផ្តោតសំខាន់លើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា។
លោក Ushakov បានលើកឡើងថា លោកប្រធានាធិបតី ត្រាំ បានសង្កត់ធ្ងន់សាជាថ្មីលើតម្រូវការបញ្ចប់អរិភាពផ្នែកយោធានៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជាការឆ្លើយតប លោកប្រធានាធិបតី ពូទីន បានអះអាងថា រុស្ស៊ីនឹងបន្តគោលដៅយោធារបស់ខ្លួន ហើយក៏មិនថយក្រោយពីគោលបំណងទាំងនេះឡើយ។
យ៉ាងណា បើទោះបីជាលោកប្រធានាធិបតី ត្រាំ បានសម្តែងការខកចិត្តចំពោះការបន្តឈ្លានពានរបស់រុស្ស៊ីក៏ដោយ រដ្ឋបាលរបស់លោកមិនបានដាក់ទណ្ឌកម្មថ្មី ឬចាត់វិធានការដាក់សម្ពាធលើវិមានក្រឹមឡាំងដោយផ្ទាល់នោះទេ។
គួរកត់សម្គាល់ កិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរ កើតឡើងមួយថ្ងៃបន្ទាប់ពីក្រសួងការពារជាតិអាមេរិកបានសម្រេចផ្អាកបញ្ជូនជំនួយសព្វាវុធសំខាន់ៗមួយចំនួនទៅឱ្យអ៊ុយក្រែន ក្នុងនោះរួមទាំងមីស៊ីលការពារដែនអាកាសប៉ាទ្រីយ៉ូត និងគ្រាប់បែកជាដើម។
ភ្លាមៗ ក្រសួងការបរទេសអ៊ុយក្រែនបានព្រមានថា ការពន្យារពេលផ្តល់ជំនួយយោធារបស់អាមេរិក នឹងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការពារជាតិ ពិសេសហានិភ័យធំនឹងកើតឡើង ដោយសារតែរុស្ស៊ីនឹងបង្កើនសន្ទុះវាយលុកអ៊ុយក្រែនបន្ថែមទៀត៕
ប្រភព ៖ kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា