ចិនថា រឿងរ៉ែកម្រមិនគួរជាបញ្ហារវាងចិន និងអឺរ៉ុបទេ

ប៊ែរឡាំង ៖ ប្រមុខកាទូតកំពូលចិននិយាយថា រ៉ែកម្ររបស់ផែនដីមិនគួរក្លាយជាដើមចងបង្កបញ្ហាដល់ទំនាក់ទំនងចិន និងអឺរ៉ុបទេ ខណៈការអះអាងនេះធ្វើឡើងឆ្លើយតបទៅកាន់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul ដែលបានរិះគន់ចំៗថា ចិនខ្វះតម្លាភាពលើការរឹតបន្តឹងការនាំចេញរ៉ែកម្រ។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានគូសបញ្ជាក់ថា រឿងរ៉ែកម្រមិនគួរជាបញ្ហាប៉ះពាល់ដល់ទំនាក់ទំនង ទាំងក្នុងពេលអតីតកាល និងនៅពេលអនាគតរវាងចិន និងអាល្លឺម៉ង់ ឬក៏ចិន និងអឺរ៉ុបនោះដែរ។ លោកថា ដរាបណា ប្រទេសនានាអនុវត្តតាមនីតិវិធីគ្រប់គ្រងការនាំចេញ នោះតម្រូវការរបស់អាល្លឺម៉ង់ និងអឺរ៉ុបសម្រាប់រ៉ែកម្ររបស់ផែនដីកម្រ នឹងត្រូវបានការពារ។

ទាក់ទិនការចោទប្រកាន់នាំចេញយន្តហោះដ្រូនទៅកាន់រុស្ស៊ី លោក Wang បានអះអាងថា បើសិនយន្តហោះដ្រូនរបស់ចិន ត្រូវបានយកទៅប្រើប្រាស់ក្នុងវិស័យយោធារបស់រុស្ស៊ី នោះវានឹងស្ថិតក្នុងបញ្ជីមុខទំនិញដែលត្រូវបានហាមឃាត់ ពីព្រោះនេះជាទំនួសខុសត្រូវជាអន្តរជាតិរបស់ប្រទេសចិន។

ប្រមុខការទូតចិនរូបនេះ ក៏បានទទួលស្គាល់ដែរថា បច្ចុប្បន្ននេះ មានការយាយីប៉ុនប៉ងបំផ្លាញទំនាក់ទំនងចិន និងអឺរ៉ុប ការនិយាយបំផ្លើសការពិតពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិសេសការប្រកាន់ខ្ជាប់នូវទស្សនៈប្រកាន់ពូជសាសន៍ប្រឆាំងនឹងប្រទេសចិន ដោយរុំព័ទ្ធដោយព័ត៌មានមិនពិត។

ប៉ុន្តែលោកជឿជាក់ថា ជំនោរនៃវឌ្ឍនភាពក្នុងយុគសម័យ នឹងមិនអាចបញ្ឈប់បានទេ ហើយទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបក៏នឹងបន្តទៅមុខរៀងរហូត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner