កាកបាទក្រហមកម្ពុជា បើកវគ្គបំប៉នគ្រូបង្គោល ស្តីពី “ប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម”
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំបើកវគ្គបំប៉នគ្រូបង្គោល (វគ្គទី២) ស្តីពី “ប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ការគ្រប់គ្រងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម” ជូនទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ៣៤នាក់ មកពី១៣គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ។
ក្នុងឱកាសបើកវគ្គបំប៉ន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាស៍ថា ការបើកវគ្គបំប៉នថ្ងៃនេះ មិនមែនជាវគ្គនៃការយល់ដឹងជាមូលដ្ឋាននោះទេ គឺជាការបន្ថែមទៅលើអ្វីដែលបានបណ្តុះបណ្តាលរួចមកហើយកាលពីឆ្នាំ២០២៤, ហេតុដូចនេះ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងការសិក្សានិងបំពេញការងាររបស់យុវជន កក្រក នេះ គឺតែងតែមានការបំប៉ន នូវអ្វីដែលខ្វះចន្លោះ ឬរបកគំហើញថ្មីៗ វិធីសាស្ត្រ ចិត្តសាស្ត្រ អ្វីដែលប្លែក អ្វីដែលថ្មីបន្ថែម និងអ្វីដែលភ្លេចយកមករំលឹកឡើងវិញ ។
លោកជំទាវ បានគូសបញ្ជាក់ពីគោលបំណងសំខាន់ចំនួន៣ ផ្នែកនៃវគ្គបំប៉ននេះ គឺទី១- រំលឹកពីប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ការប្រើប្រាស់និងការការពារបដិរូប និងច្បាប់មនុស្សធម៌អន្តរជាតិ, ទី២-ការងារដឹកនាំគ្រប់គ្រងក្លឹបយុវជន កក្រក, និងទី៣- វិជ្ជាសង្គ្រោះបឋម ដែលចាំបាច់ត្រូវតែបំប៉នជារៀងរាល់ឆ្នាំ ។
លោកជំទាវបានសង្កត់ថា នៅក្នុងពេលនេះការយល់ដឹង ពីច្បាប់មនុស្សធម៌អន្តរជាតិ ជាប្រការមួយដ៏សំខាន់ ព្រោះការរៀនពីច្បាប់នេះ មិនមែនតែនៅពេលមានសង្គ្រាមនោះទេ គឺត្រូវរៀននៅពេលមានសុខសន្តិភាព ដើម្បីពេលមានសង្គ្រាម មានជម្លោះប្រដាប់អាវុធកើតឡើង គឺគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិនេះ គឺជាអ្នកការពារមនុស្សជាតិបាន ។ ដូចនេះក្នុងនាមនិស្សិត បញ្ញាវន ជាអ្នកនៅសមរភូមិក្រោយ ក្រៅពីផ្តល់ជំនួយដល់កងទ័ពជួរមុខ គឺត្រូវយកចិត្តទុកដាក់ ស្វែងយល់ពីច្បាប់មនុស្សធម៌អន្តជាតិ ដើម្បីយកទៅបញ្ជ្រៀបបន្ថែមនិងដើម្បីឱ្យមានការចាប់អារម្មណ៍ និងចូលរួមទាំងអស់គ្នា ដើម្បីជួយគាំពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ទាំងកងទ័ព និងជនស៊ីវិល និងសង្ឃឹមថាមានការចូលរួមនិងពង្រឹងច្បាប់មួយនេះឱ្យកាន់តែទូលំទូលាយ។
លោកជំទាវ ម៉ែន នារីសោភ័គ សង្ឃឹមថាសិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងស៊ីជម្រៅ ដើម្បីយកទៅអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនបាន គឺអាស្រ័យលើកត្តាធនធានមនុស្សដែលមានចំណេះដឹង និងមានសុខភាពល្អ។
សូមជម្រាបជូនដែរថា កាកបាទក្រហមកកម្ពុជា បានបើកវគ្គបំប៉នគ្រូបង្គោលទីប្រឹក្សា និងយុវជន កក្រក មកពីគ្រឹះស្ថានឧត្ដមសិក្សាទាំង ២៥ក្នុងរាជធានីភ្នំពេញ សរុប៦៤នាក់។ ក្នុងនោះវគ្គទី១ ចំនួន៣០នាក់ កាលពីថ្ងៃទី ១ ខែកក្កដា និងវគ្គទី២ចំនួន៣៤នាក់ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ៕
ដោយ / គ្រី សម្បត្តិ









