អ្នកនាំពាក្យក្រសួង​យុត្តិ​ធម៌ ឆ្លើយតបទៅ​ក្រុមប្រឆាំងជ្រុលនិយមរឿងធ្វើវិសោធនកម្មដើម្បីបើកផ្លូវ​បង្កើត​ក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមក​បំផ្លាញជាតិខ្មែរខ្លួនឯង

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលបានលើកឡើងថា ការដកញ្ជាតិ គឺជាការបំបាត់ជាតិសាសន៍ និងជាការប្រល័យពូជសាសន៍ គឺជាការលើកឡើងដោយមិនយល់។ ពោលគឺការធ្វើវិសោធនកម្មដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង គឺមិនមែនធ្វើឡើងក្នុងគោលដៅធ្វើបាបប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដ។ មិនមានអ្វីត្រូវបារម្ភនឹងរឿងដកសញ្ជាតិនេះទេ។

ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា អ្នកដែលលើកឡើងថា ការដកញ្ជាតិ គឺជាការបំបាត់ជាតិសាសន៍ និងអ្នកខ្លះលើកឡើងរហូតទៅដល់ថា ជាការប្រល័យពូជសាសន៍ គឺជាការលើកឡើងដោយមិនយល់ មិនបានធ្វើការបែងចែកឱ្យដាច់ពីគ្នារវាងម្ខាងជាតិសាសន៍ ឬជនជាតិ ហើយម្ខាងទៀតសញ្ជាតិ ពីរនេះ គឺខុសគ្នា ជនជាតិ និងសញ្ជាតិ ហើយនៅក្នុងឯកសារផ្លូវ គឺតែងតយែឃើញមានដាក់ពាក្យទាំងពីរនេះ (ជនជាតិ និងសញ្ជាតិ) ជាមួយគ្នា ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជនជាតិផ្សេង សញ្ជាតិផ្សេង ន័យគឺខុសគ្នា។ ជនជាតិ ឬក៏ជាតិសាសន៍នេះ អាចនិយាយបានថា គឺជាចំណងលោហិត។ ចំណែកឯកសញ្ជាតិ គឺជាចំណងផ្លូវច្បាប់រវាងបុគ្គលជាមួយនឹងរដ្ឋ។ ចំណកផ្លូវច្បាប់នៃសញ្ជាតិនេះ គឺវាបង្កើតបាននូវសិទ្ធិផង ហើយនឹងកាតព្វកិច្ចផង។ ពិសេសនិយាយពីកាតព្វកិច្ចនេះ កាតព្វកិច្ចរបស់ពលរដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ត្រង់មាត្រា ៤៩ថ្មី ចែងថា ៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជ៍នជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ក្តី ដោយប្រយោលក្តី ដែលនាំឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់កម្ពុជា និងប្រជាពលរដ្ឋខ្មែរ។

ដូច្នេះនៅពេលណាដែលបុគ្គលណាម្នាក់ប្រព្រឹត្តអំពើក្បត់ជាតិខ្លួនឯង ឬធ្វើសកម្មភាពណាមួយដែលបំផ្លាញឧត្តមប្រយោជន៍ប្រទេសជាតិខ្លួនឯង ពិសេសទៅឃុបឃិតគ្នាជាមួយបរទេសមកបំផ្លាញប្រយោជន៍ជាតិខ្លួនឯង បំផ្លាញប្រជាជនខ្មែរគ្នាឯង បុគ្គលនោះគឺបានបំពាននៅកាតព្វកិច្ចជាពលរដ្ឋខ្មែរបនាប្រព្រឹត្តនៅទង្វើប្រាសចាកពីឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ។ ដូច្នេះបុគ្គលនោះលែកស័ក្តិសមជាពលរដ្ឋខ្មែរទៀតហើយ មែនទែនទៅ គឺបុគ្គលនោះខ្លួនឯងផ្ទាល់ដែលជាអ្នកផ្តាច់ចំណងផ្លូវច្បាប់ ចំណងនៃសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋខ្មែរដោយខ្លួនឯង ហើយដាក់ខ្លួនឯងឱ្យនៅក្រៅភាពជាពលរដ្ឋខ្មែរដោយខ្លួនឯង។ បើសិនជាពលរដ្ឋខ្មែរមែន ពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដមែន គឺមិនទៅបម្រើបរទេសហើយមកបំផ្លិចបំផ្លាញប្រទេសជាតិ បំផ្លាញប្រជាពលរដ្ឋខ្មែរគ្នាឯងទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ចាក់ថា ការធ្វើវិសោធនកម្មដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង គឺមិនមែនធ្វើឡើងក្នុងគោលដៅធ្វើបាបប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដ។ ពលរដ្ឋដែលស្រឡាញ់ជាតិពិតប្រាកដ ហើយគ្មានបំណងទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរគ្នាឯង គឺមិនមានអ្វីត្រូវបារម្ភនឹងរឿងដកសញ្ជាតិនេះទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ទៀតថា នៅក្នុងច្បាប់ទាក់ទងនឹងច្បាប់អនុញ្ញាតឲ្យដកសញ្ជាតិពីពលរដ្ឋដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឬក៏បទល្មើសប្រឆាំងនឹងផលប្រយោជន៍ជាតិនេះ គឺមិនមែនជារឿងថ្មីទេ មិនមែនមានតែនៅកម្ពុជាទេ គឺនៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀតនៅទូទាំងពិភពលោក ក្នុងនោះក៏មានដែរនៅតាមបណ្តាប្រទេសលោកខាងលិចមួយចំនួនមានទាំងនៅអាម៉េរិក អង់គ្លេស អូស្ត្រាលី បារាំង និងប្រទេសច្រើនផ្សេងទៀតនៅអឺរ៉ុប ក៏សុទ្ធតែមានច្បាប់ដែលចែងអនុញ្ញាតឲ្យដកសញ្ចាតិពីពលរដ្ឋទាំងឡាយណាដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឬក៏ប្រព្រឹត្តបទល្មើស ឬប្រព្រឹត្តទង្វើដែលប្រឆាំងទៅនិងផលប្រយោជន៍ជាតិខ្លួនឯង៕
ដោយ៖ពលជ័យ

ads banner