ក្រសួងការងារ និងក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd ឯកភាពគ្នាលើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស​និងវិជ្ជាជីវៈ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd បានចុះអនុ​ស្សរណៈ​នៃ​ការយោគយល់គ្នា (MoU) ដើម្បីពង្រឹងគុណភាព នៃកម្មវិធីអប់រំបណ្ដុះបណ្ដាល​បច្ចេ​ក​ទេសនិងវិជ្ជាជីវៈ ការផ្លាស់ប្តូរបទពិសោធផ្នែកអប់រំ វិទ្យាសាស្ត្រ និងបច្ចេក​វិទ្យា ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Wu Yong (វ៉ូ យ៉ុង) ប្រធានក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគ​យល់គ្នានាពេលនេះ ផ្ដោតសំខាន់លើការពង្រឹងកម្មវិធីអប់រំបណ្ដុះបណ្ដាល​បច្ចេក​ទេស​និងវិជ្ជាជីវៈនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាង​រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនឱ្យកាន់​តែស៊ី​ជម្រៅ​ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ក្នុងនាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ យើងស្វាគមន៍ចំពោះក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd ដែលគ្រោងបញ្ជូនគ្រូជំនាញភាសាចិនមកជួយបណ្ដុះ​បណ្ដាលសិក្ខាកាមនៅកម្ពុជា ដើម្បីឱ្យមានចំណេះដឹងខាងភាសាចិនបន្ថែមលើ​មុខវិជ្ជា​ស្នូលរបស់សិក្ខាកាម សម្រាប់ប្រាស្រ័យទាក់ទងជាមួយនិយោជកចិន»។

លោក Wu Yong (វ៉ូ យ៉ុង) ប្រធានក្រុមហ៊ុន Henan Lianfei Business Information Consulting Co., Ltd បានថ្លែងថា ក្រុមហ៊ុនរបស់​លោក​ពិត​ជាមានមោទនភាព ដែលទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​ជាមួយ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈការបង្រៀនភាសាចិន និង​ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដទៃទៀតដល់សិក្ខាកាមនៅកម្ពុជា។

លោកបន្តថា ក្រុមហ៊ុនមានបទពិសោធគ្រប់គ្រាន់ ដើម្បីចែករំលែកចំណេះ​ដឹងទាក់​ទង​ភាសាចិន ជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និងគំនិតច្នៃប្រឌិតថ្មីៗផ្សេងទៀតឱ្យ​ស្របទៅតាមបរិបទសកលលោកបច្ចុបុ្បន្ន៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner