ធនាគារពិភពលោកព្យាករទម្លាក់កំណើនសេដ្ឋកិច្ចថៃ

បាងកក ៖ សេដ្ឋកិច្ចប្រទេសថៃ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់ ១.៨ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៥ ពោលគឺធ្លាក់ចុះជាងការព្យាករណ៍ពីមុន ២.៩ភាគរយនៅក្នុងខែកុម្ភៈ ចំពេលមានការកើនឡើងភាពតានតឹងជាសកល និងក្នុងស្រុក នេះបើតាមការអះអាងរបស់ធនាគារពិភពលោក (WB)។

ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍មួយថា មូលហេតុដែលខ្លួនព្យាករទម្លាក់កំណើនសេដ្ឋកិច្ចប្រទេសថៃ គឺយោងតាមការនាំចេញ និងវិស័យទេសចរណ៍ដែលទន់ខ្សោយ ក៏ដូចជាការថមថយខ្លាំងតម្រូវការក្នុងស្រុក ពិសេសការវិនិយោគឯកជន និងការកាត់បន្ថយការប្រើប្រាស់ឯកជន។

យោងតាមអ្នកតាមដានសេដ្ឋកិច្ចថៃរបស់ធនាគារពិភពលោក បានឲ្យដឹងថា ការកើនឡើងភាពតានតឹងពាណិជ្ជកម្មសកល និងការងើបឡើងវិញយឺតជាងការរំពឹងទុកក្នុងវិស័យទេសចរណ៍ អាចជាចលករបន្ទុចបង្អាក់ដល់កំណើនការនាំចេញ និងសេវាកម្មផ្សេងៗរបស់ប្រទេសថៃ។

របាយការណ៍បាននិយាយថា ភាពមិនប្រាកដប្រជាផ្នែកនយោបាយក្នុងស្រុករបស់ប្រទេសថៃ អាចបណ្តាលឱ្យមានការពន្យារពេលក្នុងច្បាប់ថវិកាសារពើពន្ធឆ្នាំ២០២៦ និងការអនុវត្តការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ភ្ញៀវទេសចរសរុបហូរចូលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានរំពឹងថា នឹងឈានដល់ ៣៧.៤លាននាក់នៅឆ្នាំ២០២៥នេះ កើនឡើងដល់ទៅ ៩៤ភាគរយ ធៀបនឹងកម្រិតមុនផ្ទុះឡើងជំងឺរាតត្បាតនៅឆ្នាំ២០១៩ ហើយតួលេខនេះ ត្រូវបានព្យាករថា នឹងត្រលប់ទៅរកកម្រិតមុនផ្ទុះជំងឺកូវីដវិញ នៅត្រីមាសទីពីរនៃឆ្នាំ២០២៦៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner