ស្រូវប្រាំងជាង៣០ហិកតានៅសង្កាត់អូរអំបិល ត្រូវបានជួយសង្រ្គោះដោយមន្ទីរជំនាញ
បន្ទាយមានជ័យ៖មន្ត្រីជំនាញនៃមន្ទីរធនធានទឹកនិងឧតុនិយមបានអន្តរាគមន៍សង្គ្រោះស្រូវប្រាំងចំនួន៣៦ហិកតា ស្ថិតនៅ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង បន្ទាប់ពីភ្លៀង ធ្លាក់ជាប់ៗគ្នានៅដើមខែកក្កដានេះ។

លោក ឡាយ សុទ្ធី អនុប្រធានមន្ទីរក្ដាប់រួមនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នៅដើមខែកក្កដានេះភ្លៀងធំបានធ្លាក់ជាប់ៗគ្នា បណ្ដាលឱ្យជន់លិចស្រូវប្រាំងមួយចំនួននៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ដោយមានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញនៃមន្ទីរធនធានទឹកបានដាក់គ្រឿងចក្រចុះកាយភ្លឺបើកមុខទឹកបង្ហូរទឹកចេញពីស្រែដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងភ្លាមៗដែរ។តាមរយៈសកម្មភាពនេះស្រូវប្រាំងចំនួន ៣៦ហិកតាត្រូវបានសង្រ្គោះ។

សូមជម្រាបថា ក្រុមការងារមន្ទីរធនធានទឹក សហការជាមួយរដ្ឋបាលក្រុង ដឹកនាំដោយលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអន្តរាគមន៍ជួយសង្រ្តោះស្រូវប្រាំងសង្កាត់អូរអំបិលកាលពីល្ងាចថ្ងៃទី៣ មកដល់ព្រឹកថ្ងៃទី៤ ខែកក្កដា ទឹកបានស្រកទៅវិញអស់ហើយ៕
ដោយ៖គៀន ច័ន្ទហ៊ីន



