ចារកម្មបារាំងថា ចិនកំពុងរារាំងការលក់យន្តហោះចម្បាំង Rafale ទូទាំងពិភពលោក
ប៉ារីស ៖ មន្ត្រីយោធា និងចារកម្មបារាំងបានអះអាងថា ប្រទេសចិនបានបញ្ជាឲ្យស្ថានទូតរបស់ខ្លួនជំរុញផ្សព្វផ្សាយការសង្ស័យ អំពីអនុភាពនៃយន្តហោះចម្បាំងដ៏ទំនើប Rafale ដែលផលិតដោយប្រទេសបារាំង បន្ទាប់ពីការប្រយុទ្ធតាមដែនអាកាសរវាងឥណ្ឌា និងប៉ាគីស្ថានកាលពីខែឧសភា។
ការប៉ះទង្គិចគ្នារយៈពេលបួនថ្ងៃរវាងឥណ្ឌា និងប៉ាគីស្ថានក្នុងខែឧសភា គឺជាការប្រឈមមុខគ្នាដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនឆ្នាំរវាងប្រទេសជិតខាងក្នុងដៃមានអាវុធនុយក្លេអ៊ែរទាំងពីរ ដែលរួមមានការប្រយុទ្ធតាមផ្លូវអាកាសដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំងរាប់សិបគ្រឿង។
យោងតាមប្រភពពីមន្ត្រីបារាំងសុំមិនបញ្ចេញឈ្មោះ, ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនកំពុងព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះ និងធ្វើឲ្យប៉ះពាល់ដល់ការលក់យន្តហោះចម្បាំងដ៏ល្បីរបស់ប្រទេសបារាំង Rafale។
បើតាមប្រភពពីមន្ត្រីបារាំង ចារកម្មរបស់ពួកគេបានរកឃើញថា ស្ថានទូតចិនបានលាបពណ៌ធ្វើឲ្យប៉ះពាល់ដល់ការលក់យន្តហោះ Rafale តាមរយៈការបញ្ចុះបញ្ចូលប្រទេសដែលបានបញ្ជាទិញយន្តហោះនេះពីបារាំងរួចហើយ ជាពិសេសគឺប្រទេសឥណ្ឌូនេស៊ី ហើយងាកមកទិញយន្តហោះចម្បាំងដែលផលិតដោយចិនជំនួសវិញ។
ការលក់យន្តហោះចម្បាំង Rafales និងគ្រឿងសព្វាវុធផ្សេងទៀត គឺជាអាជីវកម្មដ៏ធំមួយសម្រាប់ឧស្សាហកម្មការពារជាតិរបស់បារាំង ហើយវាក៏ជួយឲ្យទីក្រុងប៉ារីសពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងៗទៀត រួមទាំងនៅក្នុងតំបន់អាស៊ី ដែលប្រទេសចិនកំពុងក្លាយជាមហាអំណាចក្នុងតំបន់៕
ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា



