ក្រសួងបរិស្ថាន ឱ្យក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់មានការ​សម្រេច ជាថ្មី ពីក្រសួងបរិស្ថាន ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់​ការបំពុលទឹកប៉ះពាល់ដល់ សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន។ ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត។

នេះបើយើងតាមលិខិតចេញដោយក្រសួងបរិស្ថានដាក់ជូនទៅក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. ជាប្រភេទរោងចក្រផលិតដំណាប់ស្វាយ ដែលមានអាសយដ្ឋានស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្កឱ្យមានការបំពុលទឹកសាធារណៈ (អូរពាមទុង) និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ហើយក្រសួងបរិស្ថានបានរកឃើញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើសទៅនឹង មាត្រា១៥៦ មាត្រា១៧៣ មាត្រា២៨៦ មាត្រា២៨៧ មាត្រា៣១៤ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៦ នៃអនុក្រឹត្យ លេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា៤ថ្មី និង មាត្រា៩ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ២៧៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner