មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន សហការជាមួយក្រុមហ៊ុនអ៊ីអន ជួយគាំទ្រសហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា
(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និងក្រុមហ៊ុនអ៊ីអន ( AEON MALL CAMBODIA CO.LTD.) បានឈានដល់កិច្ចព្រមព្រៀងថ្មី ក្នុងកិច្ច សហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលធ្វើ ឡើងនៅសាលអង្គរគីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ។ តាមរយៈអនុស្សរណៈកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន អ៊ីអន នឹងបន្តជួយគាំទ្រដល់កម្មវិធីមួយដែលរៀបចំដោយមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ហៅថា កម្មវិធីពន្លឿនអាជីវកម្ម (CJAP) តាមរយៈការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងកន្លែងសម្រាប់រៀបចំកម្មវិធីនានា ដូចជាការធ្វើសិក្ខាសាលា និងព្រឹត្តិការណ៍នានារបស់កម្មវិធីនេះ។
លោក ស៊ី វណ្ណា ប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍធនធានមនុស្សនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានឱ្យដឹងថា “ អនុស្សរណៈនៃការយោគយល់គ្នានេះមានសារៈសំខាន់ណាស់ សម្រាប់ទាំងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងក្រុមហ៊ុនអ៊ីអន។ ព្រោះកិច្ចសហប្រតិបត្តិការនេះ បន្តគាំទ្រដល់អាជីវកម្មទើបចាប់ផ្តើមថ្មី (Startups) និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយវាក៏ស្របទៅតាមគំនិតផ្តួចផ្តើមរបស់កម្ពុជា និងជប៉ុន ដើម្បីពង្រឹងអាជីវកម្មទើបចាប់ផ្តើមតាមបែបប្រព័ន្ធអេកូឡូស៊ី។ កិច្ចព្រមព្រៀងនេះ ផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សហគ្រិន សហគ្រាសធុនតូច និងមធ្យម និងអ្នកចាប់ផ្តើមអាជីវកម្មក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។”
លោក Endo Fumihiko នាយកគ្រប់គ្រងក្រុមហ៊ុនអ៊ីអន បានបន្ថែមថា «យើងជឿជាក់ថា កិច្ចសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលមានកំណត់ត្រាស្រាប់ក្នុងការគាំទ្រភាពជាសហគ្រិន នឹងផ្តល់ឱ្យយើងនូវឱកាស ដើម្បីកសាងភាពជាដៃគូដែលយើងត្រូវការ។ តាមរយៈការសហការជាមួយកម្មវិធីពន្លឿនអាជីវកម្ម (CJAP) យើងអាចយល់ពីសេចក្តីប្រាថ្នារបស់សហគ្រិនកម្ពុជា និងជួយពួកគេឱ្យសម្រេចបាននូវសេចក្តីប្រាថ្នានោះ ក៏ដូចជាចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម។
កញ្ញា កែន ថា ប្រធានអភិវឌ្ឍន៍អាជីវកម្មផ្សារអាលីងម៉ង់ Aliment ដែលជាផ្សារមួយលក់នូវផលិតផលបន្លែផ្លែឈើក្នុងស្រុក យល់ឃើញថា កម្មវិធីពន្លឿនអាជីវកម្ម របស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជួយគាំទ្រសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ជាកម្មវិធីមួយដែលល្អទៅដល់ម្ចាស់សហគ្រាសដោយផ្ទាល់ទៅលើការពង្រឹង និងអភិវឌ្ឍសមត្ថភាពក្រុមការងារ តាមរយៈការធ្វើអាជីវកម្ម និងបន្តជួយទៅដល់សហគមន៍ ក៏ដូចជាកសិករ អ្នកផលិតផងដរ។
គួរបញ្ជាក់ថា កម្មវិធីពន្លឿនអាជីវកម្ម (CJAP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្នុងគោលបំណងគាំទ្រដល់សហគ្រិន សហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុនដែលចូលរួម រួមមាន ៖ ការបណ្តុះបណ្តាលជំនាញសំខាន់ៗ ការប្រឹក្សាយោបល់ពីអ្នកជំនាញ ការផ្គូផ្គងអាជីវកម្ម និងការគាំទ្រការកៀងគរទុន ឱកាសធ្វើបទបង្ហាញអាជីវកម្មដល់សមាគមធុរកិច្ចកម្ពុជា និងក្រុមហ៊ុនជប៉ុន បោះជំរុំជាមួយអតីតនិស្សិត CJAP គ្រូបណ្តុះបណ្តាល និងអ្នកសម្របសម្រួលដើម្បីបង្កើនជំនាញបទបង្ហាញ ទស្សនកិច្ចសិក្សាអាជីវកម្មនៅប្រទេសជប៉ុន ដើម្បីទទួលបានបទពិសោធន៍ផ្ទាល់ជាមួយសហគ្រាសជោគជ័យរបស់ជប៉ុន។
នេះជាឆ្នាំទីបីជាប់ៗគ្នាហើយ ដែលក្រុមហ៊ុនអ៊ីអន បានជួយគាំទ្រដល់កម្មវិធីពន្លឿនអាជីវកម្ម (CJAP)។ គំនិតផ្តួចផ្តើមនេះ ស្របទៅនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវសង្គម និងបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសហគមន៍ និងនិរន្តរភាពបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ ចក្ខុវិស័យស្នូលមួយរបស់ក្រុមហ៊ុនអ៊ីអន គឺការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅ តាមរយៈការអប់រំ និងការទទួលខុសត្រូវផ្នែកអេកូឡូស៊ី៕





អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា