លោកស្រី ហង់ ស៊ីមន ៖ ទោះអត្តពលិកជាងមកប្រជែង ៣០០០នាក់មកពី ៣៧ប្រទេសយ៉ាងណាក្តី ប៉ុន្តែកីឡារាំកម្ពុជានៅមានសង្ឃឹមក្នុងការប្រជែង មេដាយបានជូនជាតិ
(ភ្នំពេញ)៖ថ្លែងមុនចេញដំណើរ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានប្រាប់អ្នកយកព័ត៌មាន នៅល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះថា ការប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម ឆ្នាំ២០២៥នេះ បើទោះជាមានអត្តពលិកប្រមាណ ៣០០០នាក់ មកពី៣៧ប្រទេសក្តីមកចូលរួមយ៉ាងណាក្តី ក៏អត្តពលិកកីឡារាំកម្ពុជានៅតែមានក្តីសង្ឃឹមខ្លះៗ ក្នុងការប្រជែងមេដាយជូនជាតិដែរ។
លោកស្រីអគ្គលេខាធិការបញ្ជាក់ជូនថា ការប្រកួតកីឡារាំ ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ (WDSF Asian-WDSF Southeast Asian Championship 2025) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៨-១៣ ខែកក្កដា ឆ្នាំ២០២៥ ខណៈសហព័ន្ធកីឡារាំកម្ពុជានឹង បញ្ជូនប្រធានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន ២០នាក់ ទៅចូលរួម ក្នុងនោះមានកីឡាករ កីឡាការិនី ១៨នាក់ ដឹកនាំដោយលោក ស៊ូវ តុង នាយកបច្ចេកទេសសហព័ន្ធ ទទួលបន្ទុកប្រធានប្រតិភូ និងលោកស្រី YOU SHU JIE គ្រូបង្វឹកក្រុមជម្រើសជាតិ។
លោកស្រី ហង់ ស៊ីមន គូសបញ្ជាក់ថា ការប្រកួតនេះមាន៣៧ប្រទេសចូលរួម ហើយមានប្រតិភូកីឡាករ កីឡាការិនីចូលរួមសរុប ប្រមាណ ៣០០០នាក់។ អត្តពលិករាំកម្ពុជានឹងត្រូវប្រកួតលើវិញ្ញាសា Latin Dance, Standard Dance, Solo Latin Dance និងSolo Standard Dance។
បន្ថែមពីលើនេះ លោកស្រី ហង់ ស៊ីមន បង្ហាញពីក្តីកង្វល់ខ្លះៗថា កីឡាករ កីឡាការិនីកម្ពុជាអាចនឹងពិបាកដណ្ដើមមេដាយ ដោយសារតែការប្រកួត ឆ្នាំ២០២៥នេះ មានប្រទេសចូលរួមច្រើន ហើយសុទ្ធតែមានបទពិសោធ ប្រកួតកម្រិតអន្ដរជាតិ និងកម្រិតពិភលោក។ ទោះបែបនេះក្តី លោកស្រីក៏នៅ តែក្តីសង្ឃឹមខ្លះៗដែរថា អត្តពលិករាំកម្ពុជានឹងអាចដណ្ដើមបានមេដាយក្នុង កម្រិតណាមួយ ដោយសារតែក្រុមអត្តពលិកកម្ពុជាបានខិតខំហ្វឹកហាត់ ត្រៀម យ៉ាងខ្លាំងក្លាមិនឈប់សម្រាកទោះថ្ងៃសៅរ៍-អាទិត្យជាមួយនឹងការប្តេជ្ញាចិត្ត យ៉ាងមោះមុត។
ជាមួយនឹងការត្រៀមចេញដំណើរនេះ សហព័ន្ធកីឡារាំកម្ពុជាទទួលបានការជួយ ឧបត្ថម្ភគាំទ្រមួយចំនួនពីក្រុមហ៊ុន វេសឡាញន៍អេឌ្យូខេសិន គ្រុបខូអិលធិឌី នូវ ថវិកាចំនួន ១០០០ដុល្លារ ក្រុមហ៊ុន វិរ ប៊ុនថាំ អេសប្រេស ខូ អិលធីឌី បានឧបត្ថម្ភម ធ្យោបាយធ្វើដំណើរដល់អត្តពលិកកីឡារាំ, លោកឧកញ៉ាបណ្ឌិត ជា រតនា ឧបត្ថម្ភ ថវិកា៥០០ដុល្លារ, លោកជំទាវ មឿន ស្រីណែត ឧបត្ថម្ភ ថវិកា៥០០ដុល្លារ និង លោក សែ សុខណា ឧបត្ថម្ភថវិកា ៥០០ដុល្លារផងដែរ៕






ដោយ ៖ ជាវ ចន្ធូ