ក្រុមហ៊ូទីផ្តើមវាយប្រហារកប៉ាល់លើកដំបូងនៅសមុទ្រក្រហម
សាណាអា ៖ ក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែនបានចេញមុខប្រកាសទទួលខុសត្រូវ ចំពោះការបំផ្លាញកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងនៅសមុទ្រក្រហម ដែលនេះជាការចាប់ផ្តើមវាយប្រហារលើកដំបូងក្នុងពេលជាច្រើនខែ។
ក្រុមឧទ្ទាមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេទើបវាយប្រហារកប៉ាល់ដឹកទំនិញឈ្មោះ Magic Seas របស់ក្រិក ដែលលើកទង់ជាតិ Liberian ដោយប្រើប្រាស់មីស៊ីល យន្តហោះគ្មានមនុស្សបើក និងនាវាដ្រូន ដោយសារតែកប៉ាល់នេះធ្លាប់ចូលចតក្នុងប្រទេសអ៊ីស្រាអែល។
អ្នកនាំពាក្យយោធាលោក យ៉ាហ៊ីយ៉ា សារី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយថា កប៉ាល់នេះបានរងការវាយប្រហារដោយផ្ទាល់ ហើយមានហានិភ័យនៃការលិច រីឯពួកនាវិកបានរត់ចោលកប៉ាល់នោះ។
លោកថា កប៉ាល់ដឹកទំនិញកិនេះ គឺជាគោលដៅវាយប្រហារស្របច្បាប់ ដោយសារតែវាបានធ្វើជំនួញ និងប្រើប្រាស់កំពង់ផែរបស់អ៊ីស្រាអែល។
គួរកត់សម្គាល់ ក្រុមហ៊ូទីបានកំណត់គោលដៅវាយប្រហារទឹកដីអ៊ីស្រាអែល និងកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម និងឈូងសមុទ្រអេដេន ចាប់តាំងពីសង្រ្គាមហ្គាហ្សា បានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣ ដោយបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវទឹក ត្រូវធ្វើដំណើរវាងផ្លូវដ៏ឆ្ងាញ ហើយត្រូវចំណាយខ្ពស់ជាងមុន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា