ប្រធាននាយដ្ឋានអភិវឌ្ឍវាយសីអាស៊ីកោតសរសើរការធ្វើម្ចាស់ផ្ទះរបស់កម្ពុជាប្រកបដោយភាពកក់ក្តៅបំផុត
ភ្នំពេញ៖ លោក THANNA ARIKISRTAN ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កីឡាវាយសីនៃសហព័ន្ធកីឡាវាយសីអាស៊ីបានកោតសរសើរ និងវាយតម្លៃចំពោះការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ប្រចាំតំបន់ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ ប្រកបដោយភាពកក់ក្តៅបំផុត។
លោក THANNA ARIKISRTAN បានលើកឡើងថា ប្រទេសកម្ពុជាមានអំណោយផលល្អ ក្នុងការទំនាក់ទំនងល្អ ងាយស្រួលក្នុងការរៀបចំ ហើយថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយសីកម្ពុជាមានទំនាក់ទំនងល្អជាមួយសហព័ន្ធវាយសីអាស៊ី។ យើងសូមថ្លែងអំណរគុណដល់សហព័ន្ធវាយសីកម្ពុជាបានយល់ព្រមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ ប្រចាំតំបន់ឆ្នាំ២០២៥ ជាលើកទី២។
កត់សម្គាល់បន្ថែមពីលើនេះ អ្នកជំនាញអភិវឌ្ឍន៍វាយសីអាស៊ីរូបនេះបានសង្កត់ធ្ងន់បែបនេះថា ៖«ចំពោះគុណផលកីឡាករ កីឡាការិនីវាយសីកម្ពុជាលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗ។ យើងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជាថារៀបចំបានល្អ ទាំងទីលានប្រកួត ប្រព័ន្ធភ្លើង គ្រឿងបរិក្ខាបំពាក់បម្រើដល់ការប្រកួតមានលក្ខណៈស្តង់ដាអន្តរជាតិ។ កម្ពុជាជាប្រទេសមួយដែលគួរឱ្យស្រឡាញ់ ហើយប្រជាជនមានទឹកមុខរីករាយរួសរាយរាក់ទាក់ ប្រៀបដូចជាគ្រួសារតែមួយប្រកបដោយភាពកក់ក្តៅណាស់។ ចំពោះការទទួលកន្លែងហូបចុកស្នាក់នៅ គឺមានភាពល្អប្រសើរ ព្រមទាំងអាហារមានរសជាតិឆ្ងាញ់។
ប្រធាននាយកដ្ឋានអភិវឌ្ឍកីឡាវាយសីអាស៊ី ជនជាតិម៉ាឡេស៊ីរូបនេះបានបង្ហាញពីភាពកក់ក្តៅយ៉ាងខ្លាំង ដែលសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះមន្ត្រីសហព័ន្ធអាស៊ី ព្រមទាំងប្រតិភូ កីឡាករ កីឡាការិនីមកពី៤ប្រទេសផ្សេងទៀត ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិ នៅកម្ពុជា រយៈពេលជិត៦ថ្ងៃពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥នេះ។
អ្វីដែលលោកកោតសរសើរខ្លាំងនោះ គឺចាប់រាប់តាំងពីការទទួលដំណើរមន្ត្រីបច្ចេកទេសអន្តរជាតិ និងប្រតិកីឡាពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកសណ្ឋាគារ និងការដឹកជញ្ជូនពីសណ្ឋាគារទៅមកទីលានប្រកួត។ ជាមួយគ្នានេះ ក៏មានកងកម្លាំងមានសមត្ថកិច្ចជួយសម្រួលចរាចរ ក្នុងការធ្វើដំណើរ។ ទាំងអស់នេះ យើងពិតជាអរគុណខ្លាំងណាស់ចំពោះការរៀបចំរបស់ប្រទេសកម្ពុជា ហើយសហព័ន្ធវាយសីអាស៊ីនឹងបង្កើតព្រឹត្តិការណ៍ប្រកួតវាយសីជាច្រើនទៀតលើកម្រិតអាស៊ីអាគ្នេយ៍ នៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់នាពេលខាងមុខ។ យើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លី កុសល ដែលបានដឹកនាំក្រុមការងាររៀបចំធ្វើម្ចាស់ផ្ទះបានល្អខ្លាំងណាស់ ហើយយើងជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងអាចរីកចម្រើនក្នុងវិស័យកីឡាវាយសី។ យើងខ្ញុំនឹងនាំយកកិច្ចការរៀបចំដ៏ល្អនេះរាយការណ៍ជូនទៅប្រធានសហព័ន្ធវាយសីអាស៊ី ដើម្បីជួយឧបត្ថម្ភគាំទ្រប្រភេទកីឡាវាយសីកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា នៅក្នុងការប្រកួតសន្សំពិន្ទុ ក្នុងថ្ងៃទី២នេះ ទទួលបានអញ្ជើញផ្តល់កិត្តិយសពីឯកឧត្តម លី កុសល ក្នុងការផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីវាយសីកម្ពុជាឱ្យមានទឹកចិត្តប្រកួតប្រកបដោយស្មារតីមោះមុត។ ជាមួយគ្នានេះ ឯកឧត្តម លី កុសល ក៏បានទទួលជួបសំណេះសំណាលជាមួយមន្ត្រីបច្ចេកទេសសហព័ន្ធវាយសី អាស៊ី ប្រតិភូដឹកនាំកពី៤ប្រទេសផ្សេងទៀត ដូចជាប្រតិភូកីឡាមីយ៉ាន់ម៉ា ឡាវ ព្រុយណេ និងទីម័រខាងកើត ព្រមទាំងជំរុញឱ្យដំណើរការប្រកួត និងការរៀបចំឱ្យរលូន និងជោគជ័យផងដែរ៕















រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ