ក្រសួងបរិស្ថាន និង ភាគីពាក់ព័ន្ធបានធ្វើការពិនិត្យ ដើម្បី រៀបចំចុះបញ្ជីភ្នំសំពៅ និង ភ្នំបាណន់ នៅក្នុងខេត្តបាត់ដំបង ជាតំបន់បេតិភណ្ឌធម្មជាតិ

(ភ្នំពេញ)៖ មន្រ្តីជំនាញ នៃក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្ត អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និង ដៃគូអភិវឌ្ឍន៍ កំពុងសិក្សាលើទិន្នន័យនិងពិនិត្យពិភាក្សា ទៅលើសក្តានុពលនៃតំបន់ភ្នំថ្មកំបោរ ចំនួន ២ គឺភ្នំសំពៅ និង តំបន់ភ្នំបាណន់ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើម្បីរៀបចំ ចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ ។

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះថាតាមរយៈការរពិនិត្យ ស្រាវជ្រាវពីសំណាក់មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធ បានកំពុងប្រែក្លាយតំបន់នេះជាតំបន់ដែលមានសក្តានុពលយ៉ាងសំខាន់ ប្រវត្តិសាស្រ្ត និងមានសម្បត្តិធនធានធម្មជាតិដែលអាចរៀបចំជាគោលដៅលំហែបៃតងផដែរ ។

លោក ហេង ហុង ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ជាប្រធានក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី៧- ៨ ខែកក្កដា ឆ្នាំ២០២៥ បានសហការជាមួយ អ្នកស្រាវជ្រាវមកពី អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្តបាត់ដំបង បានផ្សព្វផ្សាយលទ្ធផលស្តីពី «ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅ ភ្នំបាណន់ និងភ្នំសំពៅ» ដោយអង្គការ(FFI) និងនាយកដ្ឋានជីវៈចម្រុះ កាលពីឆ្នាំ២០២៤, និងបានចុះពិនិត្យទីតាំងសក្តានុពលនៅភ្នំបាណន់និងភ្នំសំពៅ និងជួបសំណេះសំណាលជាមួយសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា តាមលទ្ធផលនៃកាសិក្សាស្រាវជ្រាវដោយដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ (Camera trap) បានរកឃើញប្រភេទសត្វស្ថិតនៅក្នុងចំណាត់ថ្នាក់កំពុងរងគ្រោះថ្នាក់ជាសាកល រួមមាន សត្វពង្រូល, ក្ងោក, កែះ, ស្វាត្រោស, ស្វាក្តាម និងប្រភេទសត្វ មានដោយបង្គួរជាច្រើនទៀត ដូចជា សត្វឆ្កែចចក, ឆ្មាដាវ, ប្រម៉ា, ក្តាន់ញ៉ែងតូច និងជាពិសេសបានរកឃើញប្រភេទសត្វតុកកែ,សត្វជីងចក់ និងខ្យងគោកដែលជាប្រភេទថ្មីសម្រាប់កម្ពុជា និង ពិភពលោក ។

សូមបញ្ជាក់ថា ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងក្រុងបុរាណខ្មែរនាសម័យអង្គរ, មានសិលាចារឹក K.1434, មានប្រាសាទបុរាណ, មានល្អាងជាច្រើន និងជាទីតាំងថ្មកំបោរដ៏កម្រដែលជាអតីតនៅក្នុងសមុទ្រមានអាយុកាលក្នុងស័កទី១ Paleozoic ក្នុងសម័យកាល Permian មាន អាយុកាល (២៥១-២៩៩ លានឆ្នាំមុន)។ ក្រៅអំពីសក្តាសក្តានុពលតម្លៃជីវៈចម្រុះ និងធនធានធម្មជាតិ, តម្លៃវប្បធម៌ប្រវត្តិសាស្រ្ត, ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងទាក់ទាញភ្ញៀវទេសចរទៅគោរពបូជាផ្នែកសាសនា, ទស្សនាព្រៃឈើ និងទស្សនាផ្ទាំងទស្សនីយ ភាពសត្វប្រចៀវ ហោះហើរចេញពីរូងជារៀងរាល់ថ្ងៃ នៅចន្លោះម៉ោង៥ ដល់ម៉ោង៦ល្ងាច ដែលផ្ទាំងទស្សនីយភាពនេះ អ្នកភូមិហៅហ្វូងប្រចៀវទាំងនោះថា«កងទ័ពប្រចៀវ» មានប្រមាណ ៥លានក្បាល។

ជាមួយ និងផលប្រយោជន៍ផ្នែកទេសចរណ៍ខាងលើ សត្វប្រចៀវបានផ្តល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន តាមរយៈប្រមូលអាចម៍ប្រចៀវពីក្នុងល្អាងនៃភ្នំទាំង២ ដែលក្នុងមួយឆ្នាំៗ ជាមធ្យមទទួលបាន ៣ម៉ឺនដុល្លារ ពីភ្នំបាណន់ និង ២ម៉ឺនដុល្លារពីភ្នំសំពៅ ។

កន្លងមកថ្មីៗនេះអ្នកជំនាញបានរកឃើញនៅភ្នំបាណន់ និងថ្មកំបោរខេត្តបាត់ដំបងជាប្រភេទ «ខ្យងឧទយាទិត្យ»ជាកំណត់ត្រាថ្មីរបស់ពិភពលោក និង ត្រូវបានទទួលស្គាល់ថា ជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត ។

អ្នកជំនាញបានឱ្យដឹងដែរថា ការរកឃើញនេះ គឺជាខ្យងរស់ មិនមែនជាសំណាកខ្យងទេ ហើយវាមានចំនួនច្រើននៅតាមភ្នំថ្មកំបោរក្នុងខេត្តបាត់ដំបង ពិសេសនៅភ្នំបាណន់តែម្តង ។

លើសពីនេះកាលពីថ្មីៗកន្លងមក ក្រសួងបរិស្ថានក៏រកឃើញប្រភេទតុកែនិងជីងចក់ កំណត់ត្រាថ្មីសម្រាប់ពិភពលោកនៅកម្ពុជា ។ តុកកែ ១ប្រភេទ និងជីងចក់ ២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានមួយក្រុម ដែលក្នុងនោះមកពីក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋអាមេរិក រកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញ កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្សាលើប្រភេទជីវៈចម្រុះថ្មីនៅតំបន់ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ហើយថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញលទ្ធផលលើការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក ក្នុងនោះរួមមាន៖

១-តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់។ kampingpoiensis សរសេរជាភាឡាតាំង មានន័យថាជាភ្នំកំពីងពួយ។

២-ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ noctivagus ជាភាសាឡាតាំងមានន័យថារកស៊ីនៅពេលយប់។

៣-ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh)រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ ស្រុកបាណន់។ khpohសរសេរជាភាឡាតាំង មានន័យថាជាភ្នំខ្ពស់ ។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ដោយផ្អែកតាមរយៈសក្តានុពល និងស្របមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងក្រមបរិស្ថាននិងធនធានធម្មជាតិ នាយកដ្ឋានតំបន់បេតិកភណ្ឌនៃក្រសួងបរិស្ថាន សហការជាមួយអង្គការ(FFI) ដោយមានការគាំទ្រពីរដ្ឋបាល ខេត្តបាត់ដំបង នឹងបន្តសិក្សាស្រាវជ្រាវលម្អិតទិន្នន័យបែបវិទ្យាសាស្រ្ត, ព័ត៌មានសង្គម, សេដ្ឋកិច្ច និងបរិស្ថាន ស្របតាមនីតិវិធី ដើម្បីជម្រុញដំណើររៀបចំបង្កើតភ្នំបាណន់ និងភ្នំសំពៅជាតំបន់បេតិកភណ្ឌធម្មជាតិ ក្នុងគោលដៅការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព, លើកកម្ពស់វិស័យទេសចរណ៍, ការចុះបញ្ជីដីរដ្ឋ និង លើកកម្ពស់សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner