តុលាការ ICC តាមចាប់ខ្លួនមេដឹកនាំតាលីបង់ ជុំវិញការរំលោភបំពានលើស្ត្រី
កាប៊ុល ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនមេដឹកនាំកំពូលតាលីបង់ពីររូបនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយចោទប្រកាន់ពីបទរំលោភបំពានលើស្ត្រី និងកុមារី។
ចៅក្រម ICC នៅថ្ងៃទី៨ ខែកក្កដា បាននិយាយថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់ក្នុងដៃ ដែលអាចឈានដល់ការចាប់ខ្លួនមេដឹកនាំកំពូលតាលីបង់ Haibatullah Akhunzada និងប្រធានចៅក្រម Abdul Hakim Haqqani ពីបទធ្វើទុក្ខបុកម្នេញលើយេនឌ័រ ឬស្រ្តី និងក្មេងស្រី។
តុលាការ ICC បានចេញសេចក្តីថ្លែងការណ៍គាំទ្រការសម្រេចចិត្តរបស់ខ្លួនថា ខណៈពេលដែលពួកតាលីបង់បានចេញច្បាប់គាបសង្កត់ និងការរឹតត្បិតមួយចំនួនលើប្រជាជនទូទាំងប្រទេសអាហ្វហ្គានីស្ថាន ពួកគេបានកំណត់គោលដៅចម្បងទៅលើក្មេងស្រី និងស្ត្រី ដោយដកហូតសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពួកគេ។
ទោះបីជាយ៉ាងណា ពួកតាលីបង់បានប្រកាសច្រានចោលការចោទប្រកាន់របស់តុលាការ ICC ដោយនិយាយថា នេះជា “វោហាសាស្ត្រគ្មានមូលដ្ឋាន” និងបានវាយបកទៅ ICC វិញថា បានបរាជ័យមិនអាចការពារអាយុជីវិតស្រ្តី និងកុមាររាប់រយនាក់ ដែលត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃក្នុងសង្គ្រាមនៅហ្គាហ្សា។
គួរកត់សម្គាល់ តុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងលើឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតរបស់ពិភពលោក ដូចជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ICC គ្មាន កម្លាំង ប៉ូលិស របស់ ខ្លួន ទេ តុលាការនេះ ពឹង ផ្អែក លើ រដ្ឋ ជា សមាជិក ដើម្បី អនុវត្ត ដីកា ចាប់ ខ្លួន៕
ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា