ឯកឧត្តម លី កុសល ៖ ឈ្នះមេដាយប្រាក់ វិញ្ញាជាក្រុមប្រកួតប្រទេសនិងប្រទេស បញ្ជាក់ថា យុវជនវ័យក្មេងរីកចម្រើន

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានបង្ហាញក្តីរីករាយ ដែលសហព័ន្ធកីឡាវាយសីអាស៊ីបានកោតសរសើរ ចំពោះការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ឆ្នាំ២០២៥នេះ។ ហើយអ្វីដែលពិសេសគឺកីឡាករ កីឡាការិនីក្រោម១៥ឆ្នាំ និងក្រោម១៧ឆ្នាំមានការរីកចម្រើន ក្នុងការដណ្តើមបានមេដាយប្រាក់ ដែលជាក្តីសង្ឃឹមក្នុងដំណើរត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩។
នេះជាថ្លែងបញ្ជាក់របស់ ឯកឧត្តម លី កុសល ប្រាប់ទៅកាន់អ្នកព័ត៌មាន ក្រោយបញ្ចប់ពិធីបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភី ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ ប្រចាំតំបន់ នៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានបញ្ចប់លើវិញ្ញាសាក្រុមចម្រុះ ក្រោយដំណើរការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃ។

ឯកឧត្តមប្រធានសហព័ន្ធវាយសីកម្ពុជាមានប្រសាសន៍ថា ការទទួលធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ឆ្នាំ២០២៥នេះ សហព័ន្ធកីឡាវាយសីអាស៊ី (BA) បានស្នើមកប្រកួតនៅកម្ពុជាម្ដងទៀត ក្រោមហេតុផលកម្ពុជាទទួលបដិសណ្ឋារកិច្ចល្អ ហើយអ្វីៗយើងអាចម្ចាស់ការលើខ្លួនឯង បន្ទាប់ពីចប់ស៊ីហ្គេម ២០២៣។ ការអនុវត្តកន្លងមកយើងមានបទពិសោធន៍ល្អ ដោយទី១ ការរៀបចំបានល្អ និងទី២ ទីលានស្ដង់ដាអន្តរជាតិ។ កិច្ចការផ្សេងៗទាក់ទងការប្រកួតនេះ ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ និងគ្រប់ជ្រុងជ្រោយ។ តាមយោបល់របស់មន្ត្រី BA បានជជែកពិភាក្សាជាមួយឯកឧត្តម ពួកបានវាយតម្លៃកម្ពុជាខ្ពស់ជាងគេ កម្រិតល្អសព្វបែបយ៉ាង គាត់ទទូចឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះបន្តទៀត នាឆ្នាំ២០២៦ខាងមុខ។ ប៉ុន្តែសំណើរនេះយើងមិនទាន់ឆ្លើយតបថាម៉េចទេ ព្រោះការរៀបចំត្រូវផ្អែកលើធនធាន និងថវិការៀបចំ ព្រោះការជួយ BA ជួយតែការស្នាក់នៅ ហូបចុក និងគណៈកម្មការរៀបចំ។ ក្រៅពីនោះ សហព័ន្ធកីឡាវាយសីកម្ពុជាជាអ្នករ៉ាប់រង ខណៈសហព័ន្ធខ្វះខាតថវិកា ដោយមានតែសប្បុរសជនជួយ។

ឯកឧត្តម លី កុសល សង្កត់ធ្ងន់ថា ការធ្វើម្ចាស់ផ្ទះ កាលពីលើកទី១ ឆ្នាំ២០២៣ ក្រោយចប់ស៊ីហ្គេមមិនដល់ ១ឆ្នាំផង យើងបានចាប់ផ្ដើមប្រកួត មានន័យថា យើងត្រៀមលើកទី១ រយៈពេល៥ឆ្នាំមុន ហើយកីឡាករវ័យក្មេងមួយចំនួនអាចប្រកួតបាន ដែលយើងមិនសូវជាមានការលំបាកប៉ុន្មានទេ។ ប៉ុន្ដែលើកទី២ ឆ្នាំ២០២៥នេះ U15 U17 និង U23 លើកមុនមានតែ ២ទេ តែឆ្នាំនេះមាន ៣វិញ្ញាសាប្រភេទអាយុ គឺបន្ថែមប្រភេទអាយុ U15 ដោយកម្ពុជាជ្រើសរើសមកពីតាមក្លឹបនានា ដោយអត់មានថ្នាលទេ។ រីឯ U17 អត់មានក្រុមថ្នាលជម្រើសជាតិទេ លើកលែងតែ U23 ដែលមានថ្នាល។ទោះបីយ៉ាងណា យើងឃើញថា ក្នុងជម្រើសជាតិ ២០២៥ អត់មានកីឡាការិនីចូលហ្វឹកហាត់ជម្រើសជាតិទេ ដោយសារកង្វះខាតថវិកា ហើយការចូលរួមនេះ សុទ្ធតែចម្រាញ់ពីតាមក្លឹប ដែលមានបទពិសោធន៍ពីការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិ និងមធ្យមសិក្សាថ្នាក់ជាតិ។

យើងឃើញថា ទោះបីការហ្វឹកហាត់បានតិចតួច រយៈពេលខ្លី ប៉ុន្តែយើងឃើញថា U15 និង U17 កម្ពុជាមានសន្ទុះរីកចម្រើនខ្លាំង ដោយគាត់លេងបានល្អ ក្នុងចំណោម៥ប្រទេស។ កីឡាករ កីឡាការិនីវ័យក្មេងកម្ពុជាទទួលបានពិន្ទុប្រកៀកប្រកិតគ្នា រហូតសម្រេចបានមេដាយប្រាក់ដូចគ្នា ទាំងឈុត U15 និងU17 ក្រោយចាញ់មីយ៉ាន់ម៉ា ដែលបានហ្វឹកហាត់ដិតដល់ និងត្រៀមយូរឆ្នាំមកហើយក្ដី។ បើប្រៀបធៀបការរីកចម្រើនរបស់ពួកគាត់ ទោះបីរយៈពេលខ្លី តែសមត្ថភាពគាត់អាចធ្វើបាន យើងមើលទៅ អាចជាថ្នាល និងជាក្ដីសង្ឃឹមទៅអនាគត ជាពិសេសក្នុងដំណើរត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩តែម្តង។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃពីថ្ងៃទី០៧-០៩ ខែកក្កដា ឆ្នាំ២០២៥បានបញ្ចប់លើវិញ្ញាសាក្រុមចម្រុះ ហើយជាលទ្ធផលបច្ចេកទេស រួមមាន៖ ឈុត U15 អត្តពលិកមីយ៉ាន់ម៉ា ដណ្តើមបានមេដាយមាស កម្ពុជា មេដាយប្រាក់ ឡាវ និងទីម័រខាងកើត បានមេដាយសំរឹទ្ធ-សំរឹទ្ធស្ទួន ។ U17 មីយ៉ាន់ម៉ា មេដាមាស កម្ពុជា មេដាយប្រាក់ ឡាវ និងទីម័រខាងកើត មេដាយសំរឹទ្ធ-សំរឹទ្ធស្ទួន។ ចំពោះឈុត U23 មីយ៉ាន់ម៉ា មេដាយមាស កម្ពុជា មេដាយប្រាក់ ខណៈអត្តពលិកទីម័រខាងកើតទទួលបានមេដាយសំរឹទ្ធ៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner