បង្ក្រាបសិប្បកម្មកែច្នៃឈើខុសច្បាប់ ៧ទីតាំង រឹបអូសសម្ភារកែច្នៃឈើជាច្រើនគ្រឿង ឈើអារ ៣២ដុំ និងឈើក្តា ១០សន្លឹក នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ក្នុងនោះមានកម្លាំងមន្ទីរបរិស្ថានខេត្ត កម្លាំងដែនជម្រកសត្វព្រៃឆែប-ព្រះរការ កម្លាំងដែនជម្រកសត្វព្រៃគូលែនព្រំទេព កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ មន្ត្រីសហគមន៍ រួមទាំងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានបង្កើតសិប្បកម្មកែច្នៃឈើល្មើសច្បាប់ ៧ទីតាំង ដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ និងភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

នៅក្នុងរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តព្រះវិហារ បានបង្ហាញឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានបង្កើតសិប្បកម្មកែច្នៃឈើ ដោយគ្មានលិខិតអនុញ្ញាត (ល្មើសច្បាប់) នោះ កម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន បានសហការរួមគ្នា រឹបអូសបានវត្ថុតាងបទល្មើសជាច្រើនប្រភេទ រួមទាំងឈើល្មើសច្បាប់ រួមមាន៖ ម៉ាស៊ីនជ្រៀក ៤គ្រឿង ,ម៉ាស៊ីនភ្លើង ១៥សេស ១គ្រឿង ,ម៉ាស៊ីនខ្យល់សម្រាប់បាញ់ថ្នាំ ១គ្រឿង ,ម៉ូទ័រកាត់ ៥គ្រឿង ,ម៉ូទ័រសម្លៀង ១គ្រឿង ,ម៉ូទ័រឈួស ២គ្រឿង ,ម៉ូទ័រខាត់ ៥គ្រឿង ,ម៉ូទ័រស្វាន ៤គ្រឿង ,ម៉ូទ័របុក ១គ្រឿង ,តាបឈួសឈើ ១គ្រឿង ,ឈើអារជ្រៀកចម្រុះ ៣២ដុំ និងក្តា ១០សន្លឹក ប្រវែង២ម៉ែត្រ ។

រីឯវត្ថុតាងមួយចំនួនទៀត ត្រូវបានជនប្រព្រឹត្តបទល្មើស ដោះយកទៅលាក់ទុកដោយសុវត្ថភាព ដែលមន្ត្រីបរិស្ថានមិនអាចរុករកឃើញ។ ចំពោះវត្ថុតាងបទល្មើសដែលរឹបអូសបានទាំងអស់នាពេលនោះ ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅទីស្នាក់ការបរិស្ថាន (អូរកក់) និងនៅថ្នាលបណ្តុះកូនឈើក្រុងព្រះវិហារ។

របាយការណ៍មន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏នៅបានបង្ហាញថា ឈើអារ និងឈើជ្រៀកដែលដកហូតបានទាំងនេះ គឺជាប្រភេទឈើក្រឡាញ់ ឈើផ្តៀក និងឈើពង្រ សម្រាប់ផលិតដងចប ដងពូថៅ និងដងកាំបិត ដែលឈើទាំងនេះត្រូវបានកាត់ និងដឹកជញ្ជូនពីដែនជម្រកសត្វព្រៃឆែប-ព្រះរការ និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដោយគ្មានលិខិតអនុញ្ញាត។

ក្នុងពេលចុះបង្ក្រាបបទល្មើសនេះទៀតសោត ម្ចាស់សិប្បកម្ម ៤ទីតាំង បានធ្វើកិច្ចសហការជាមួយសមត្ថកិច្ចបានល្អ និងចំនួន ២ទីតាំងទៀត មិនបានសហការជាមួយសមត្ថកិច្ចនោះទេ ដោយដោះម៉ាស៊ីន និងវត្ថុតាងប្រព្រឹត្តបទល្មើសយកទៅលាក់ទុក និងជម្លៀសចេញពីទីតាំងប្រព្រឹត្តដោយសុវត្ថភាព។

របាយការណ៍បានបញ្ជាក់ថា ចំពោះទីតាំងបើកសិប្បកម្ម ១កន្លែងទៀត ដែលស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ម្ចាស់សិប្បកម្មឈ្មោះទៀក តែម មិនព្រមសហការជាមួយសមត្ថកិច្ចនោះទេ ថែមទាំងបានធ្វើការរារាំងមិនឲ្យសមត្ថកិច្ចដកហូតវត្ថុតាងល្មើសច្បាប់ទាំងនោះបានឡើយ។ តែបើទោះជាយ៉ាងណាក៏ដោយចុះ ក៏កម្លាំងសមត្ថកិច្ចចម្រុះ នៅតែបន្តដកហូតយកវត្ថុតាងទាំងអស់ បានដោយសុវត្ថិភាព និងបាននាំយកមករក្សាទុកបណ្តោះអាសន្ន នៅស្នាក់ការបរិស្ថានក្រុងព្រះវិហារ (ថ្នាលបណ្តុះកូនឈើ)។

ចំពោះជនប្រព្រឹត្តបទល្មើសរូបនោះ កម្លាំងសមត្ថកិច្ចមិនបានចាប់ឃាត់ខ្លួននោះទេ ដោយបានព្យាយាមពន្យល់ពីការទទួលខុសត្រូវតាមផ្លូវច្បាប់ និងមានទោសទណ្ឌថែមទៀត ខណៈនោះម្ចាស់សិប្បកម្ម ក៏បានសម្រួលឥរិយាបថ យល់ព្រមឲ្យសមត្ថកិច្ច ដកហូតយកវត្ថុតាងតាមសម្រួល ។ តែជនល្មើសមិនព្រមផ្តិតមេដៃក្នុងកំណត់ហេតុនោះទេ គ្រាន់តែបានទទួលស្គាល់ថា គាត់ (ជនល្មើស) ពុំបានសុំច្បាប់អនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចណាទេ។

ក្រោយការបង្ក្រាបទីតាំងបើកសិប្បកម្មកែច្នៃឈើល្មើសច្បាប់ទាំង ៧កន្លែងនោះរួច មន្ត្រីសមត្ថកិច្ចជំនាញបរិស្ថានខេត្តព្រះវិហារ ក៏បានបន្តបើកការស៊ើអង្កេតលើទីតាំងផ្សេងៗទៀត នៅក្នុងភូមិសាស្រ្តស្រុកត្បែងមានជ័យ ដើម្បីបន្តចំណាត់ការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងរក្សាធនធានព្រៃឈើដែលនៅសេសសល់ចុងក្រោយ ឱ្យនៅគង់វង្ស៕

ដោយ ៖ ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner