ប្រមុខការទូតកំពូលរុស្ស៊ីនឹងហោះទៅកូរ៉េខាងជើងចុងសប្តាហ៍នេះ
មូស្គូ ៖ ទោះបីរវល់ជាប់ដៃក្នុងសង្គ្រាមអ៊ុយក្រែនក៏ដោយ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី មានផែនការហោះហើរបោះពួយសំដៅទៅកាន់ទឹកដីកូរ៉េខាងជើង នៅចុងសប្តាហ៍នេះ ចំពេលប្រទេសទាំងពីរបង្កើនទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានចុះផ្សាយកាលពីថ្ងៃពុធថា ប្រមុខការទូតកំពូលរុស្ស៊ី លោក Lavrov នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា តបតាមការអញ្ជើញរបស់ក្រសួងការបរទេសរដ្ឋកុម្មុយនីស្តក្នុងដៃក្តាប់ជាប់អាវុធនុយក្លេអ៊ែរមួយនេះ។
គម្រោងទស្សនកិច្ចរបស់បុរសខ្លាំងការទូតវ័យ៧៥ឆ្នាំរូបនេះ កើតឡើងបន្ទាប់ប្រធានសន្តិសុខរុស្ស៊ី លោក Sergei Shoigu បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងជាច្រើនដងក្នុងឆ្នាំនេះ រួមទាំងកាលពីខែមុន នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបមួយឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាដ៏ធំទូលាយរួមគ្នាមួយ។
សម្ព័ន្ធមិត្តចាក់ទឹកមិនលិច ដែលរងសម្ពាធទណ្ឌកម្មធ្ងន់ធ្ងរដូចគ្នាទាំងពីរនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាកាលពីឆ្នាំមុន ក្នុងនោះផ្តោតសំខាន់លើការការពារគ្នាទៅវិញទៅមក ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏កម្ររបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើង។
បន្ទាប់ពីពេលនោះមក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដែកថែបដ៏សំខាន់មួយរបស់រុស្ស៊ី ក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែនរយៈពេលជាង ៣ឆ្នាំ ដោយបានបញ្ជូនទាហានរាប់ពាន់នាក់ និងទូរកុងតឺន័រផ្ទុកអាវុធជួយដល់វិមានក្រឹមឡាំងបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk របស់រុស្ស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា