រដ្ឋមន្រ្តីអប់រំ៖ ការបញ្ចូលបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតក្នុងការអប់រំគឺជាការចាំបាច់នៅថ្ងៃអនាគត
បាត់ដំបង៖ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធប្រើប្រាស់អគារសិក្សាថ្មីនៃសាលាចំណេះទូទៅអន្តរជាតិឌូវី ទីតាំងអាយខនណិច នៅក្រុងបាត់ដំបង កាលពីចុងសប្ដាហ៍នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា នៅថ្ងៃអនាគតបញ្ញាសិប្បនិម្មិត ឬអេ អាយ(AI)នឹងជួយធ្វើឱ្យវិស័យអប់រំលូតលាស់កាន់តែខ្លាំង ។ប៉ុន្តែឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានក្រើនរំលឹកដែរថា ការប្រើប្រាស់បច្ចេកវិទ្យា ត្រូវតែមានការទទួលខុសត្រូវ ខណៈបច្ចេកវិទ្យា គឺជាកាំបិតមុខពីរ ។

ឯកឧត្តមគូសរំលេចថា នៅពេលដែលជួយឱ្យយើងអាចសិក្សា ស្វែងយល់ បានលឿនជាងមុន អាចសួរសំណួរផ្សេងៗ។ ប៉ុន្តែអេអាយ ក៏មានបញ្ហាមួយចំនួន ដែលយើងត្រូវតែពង្រឹង ខាងផ្នែកសីលធម៌អេអាយ និងការប្រើប្រាស់ដោយការទទួលខុសត្រូវ។ ក្នុងន័យនេះការបញ្ចូលបច្ចេកវិទ្យាក្នុងការអប់រំ វាគឺជាការចាំបាច់ បើទោះបីជាបច្ចេកវិទ្យាមានទាំងផលវិជ្ជមាន និង អវិជ្ជមានក៏ដោយ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំបានបន្ថែមថា បញ្ញាសិប្បនិម្មិតឬ អេអាយ នឹងធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ហើយគ្រូនិងសិស្ស ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យានេះ ។ក្រសួងបានបញ្ចូលជំនាញខាងបច្ចេកវិទ្យាអប់រំគឺការអប់រំឌីជីថល ដើម្បីបង្រៀនពីចម្ងាយ ដើម្បីផ្ដល់ឱកាសឱ្យសិស្ស អាចរៀនសូត្រដោយខ្លួនឯង ពេលណាក៏បាន និងទីកន្លែងណាក៏បានដោយប្រើប្រាស់ទូរសព្ទដៃ ដើម្បីចូលរៀន។ក្នុងនោះក្រសួងអប់រំ ក៏បានបញ្ចូលនូវបច្ចេកវិទ្យាAIនៅក្នុងការបណ្ដុះបណ្ដាលគ្រូបង្រៀន ហើយគ្រូដែលចេញថ្មី ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា AI ខណៈ AI គឺជាឧបករណ៍មួយដែលជួយគ្រូឱ្យបង្រៀនមានប្រសិទ្ធភាពជាងមុន ព្រមទាំងការសិក្សាភាសាបរទេសផងដែរ។ដូចនេះ នាពេលអនាគត AI នឹងធ្វើឱ្យមានការប្រែប្រួល នូវការផ្លាស់ប្ដូរ ដែលយើងហៅថា”បរិវត្តកម្មក្នុងវិស័យអប់រំយ៉ាងស៊ីជម្រៅ”ហើយដែលជួយគាំទ្រគ្រូឱ្យមានសមត្ថភាពខ្លាំងជាងមុន ។សិស្សក៏ចេះជ្រាវជ្រាវដោយខ្លួនឯង និង ធ្វើស្វ័យសិក្សា ផ្ទាល់ទៀតផង។

ត្រឡប់ទៅនិយាយអំពីសាលាអន្តរជាតិឌូវី និងសាខាសាលាអន្តរជាតិបាត់ដំបងដែលមានលោក ខែម រស្មីជាស្ថាបនិក ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងទៅនិងពេលនេះចំនួននៃគ្រឹះស្ថានសិក្សានៅកម្ពុជា ក៏ដូចជាចំនួនអ្នកសិក្សាបានកើនឡើងជាលំដាប់៕
ដោយ៖ អ៊ុក សំអាន ប.ប


