អភិបាលខេត្តបាត់ដំបងផ្តល់សារសំខាន់ខ្លាំងចំពោះវេទិកាពិគ្រោះយោបល់ជាអង្គការសង្គមស៊ីវិល

បាត់ដំបង៖អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានកត់សម្គាល់ថា តាមរយៈ​វេទិកាពិគ្រោះយោបល់រវាង​រដ្ឋបាលខេត្តបាត់ដំបង ជាមួយសមាគម អង្គការមិនមែន​រដ្ឋាភិបាល គឺជាការ​ពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការ​ពិនិត្យ ពិចារណារកដំណោះ​ស្រាយ ឆ្លើយតបអំពីបញ្ហាប្រឈម ,ក្តីកង្វល់ និងតម្រូវការនៅក្នុងមូលដ្ឋាន​ក្នុងខេត្ត​បាត់​​ដំបង។

ក្នុងវេទិកាលើកទី១០ឆ្នាំ២០២៥រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែល​ បានប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះក្រោម​អធិបតី​ឯកឧត្តម អ៊ុយ រី ប្រធានក្រុម​ប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត កងម្លាំង​ទាំង៣ប្រភេទ ប្រធានមន្ទីរ អង្គភាព​នានាជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១៤ តំណាងអង្គការ​សមាគម​ចំនួន​២៥៤រូបនៅសាល​ប្រជុំ​សាលា​ខេត្ត​បាត់ដំបង ឯកឧត្តម សុខ លូ បានគូសបញ្ជាក់​ថារដ្ឋបាលខេត្ត បានកំណត់​រៀបចំវេទិកាពិគ្រោះយោបល់​ជាមួយ​សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅមូលដ្ឋាន​ក្នុងដែន​សមត្ថកិច្ចខេត្តជាទៀងទាត់ ដើម្បី​ចង់ដឹងនិងចង់ឆ្លុះបញ្ចាំងពីមតិយោបល់របស់​អង្គការសង្គមស៊ីវិល សមាគម និង​ដើម្បីធ្វើការសិក្សាស្វែង​យល់ពី​គ្នាទៅវិញទៅមក ,អំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការនានាដែល​ សមាគម​អង្គការនិង​សហគមន៍ ចង់ឱ្យអាជ្ញាធរ​ជួយដោះស្រាយ។

ចំណែកឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការ កោតសរសើរ​និងវាយតម្លៃខ្ពស់ចំពោះកិច្ច​សហ​ប្រត្តិបត្តិការរវាងរដ្ឋបាលខេត្ត ក្រុង ស្រុក ជាមួយអង្គការ សមាគម លើការងារសង្គមគ្រប់ផ្នែកទាំងអស់​បានល្អ​ប្រសើរ។

សូមជម្រាបថា អង្គការ សង្គមស៊ីវិលដែលកំពុងសកម្មភាពនៅក្នុងខេត្តបាត់ដំបង​មានចំនួន ១៤៥អង្គការ-សមាគម​ក្នុងនេះ អង្គការមិនមែនរដ្ឋាភិបាល ចំនួន​៩៣អង្គការ,អង្គការអន្តរជាតិបចំនួន២៧និងសមាគម ចំនួន២៥សមាគម៕
អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.

ads banner