លោក Trump គ្រោងប្រើសិទ្ធិអំណាចប្រធានាធិបតីលើកដំបូងជួយអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានរំពឹងថា នឹងប្រើប្រាស់សិទ្ធិអំណាចរបស់គាត់ជាលើកដំបូង ដើម្បីបញ្ជូនសព្វាវុធដែលទាញចេញពីឃ្លាំងស្តុករបស់មន្ទីរបញ្ចកោណដោយផ្ទាល់ទៅកាន់ប្រទេសអ៊ុយក្រែន នេះបើតាមកាសែតរ៉យទ័រ ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមនុស្សពីរនាក់ដែលដឹងពីរឿងនេះ។

កញ្ចប់ជំនួយសព្វាវុធថ្មីនេះ ត្រូវបានគេរាយការណ៍ថា នឹងមានតម្លៃខ្ទង់ ៣០០លានដុល្លារ ហើយអាចរួមបញ្ចូលទាំងប្រព័ន្ធការពារមីស៊ីលបាញ់ពីដីទៅអាកាស Patriot ក៏ដូចជាគ្រាប់រ៉ុក្កែតរយៈចម្ងាយមធ្យមផងដែរ។

ការផ្លាស់ប្តូរចិត្តរបស់លោកប្រធានាធិបតី Trump នេះ ផ្ទុយស្រលះពីអ្វីដែលមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក ទើបបានប្រកាសក្នុងពេលថ្មីៗនេះថា អាមេរិកនឹងផ្អាកបញ្ជូនជំនួយយោធាសំខាន់ៗមួយចំនួនទៅឱ្យអ៊ុយក្រែន ក្រោមហេតុផលព្រួយបារម្ភពីការធ្លាក់ចុះស្តុកសព្វាវុធក្នុងស្រុក។

ការស្វែងរកជំនួយសម្ភារៈសឹកបន្ថែមនៅតែជារឿងចាំបាច់បំផុតសម្រាប់អ៊ុយក្រែន ស្របពេលដែលកងកម្លាំងរបស់ខ្លួន បានបន្តបាត់បង់ទឹកដីកាន់តែច្រើនឡើងទៅក្នុងកណ្តាប់ដៃកងទ័ពរុស្ស៊ី ហើយក៏កំពុងប្រឈមមុខនឹងការលំបាកកាន់តែខ្លាំងឡើង ក្នុងការបំពេញសព្វាវុធដល់ពលទាហានថ្មីរបស់ខ្លួនផងដែរ។

ទោះបីជាយ៉ាងណា ខាងភាគីរុស្ស៊ីបានអះអាងថា ជំនួយសព្វាវុធបរទេសនឹងមិនអាចរារាំងគោលដៅយោធារបស់ខ្លួនបានឡើយ ហើយកាលពីខែមុន លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានសាជាថ្មីថា រុស្ស៊ីនឹងចាត់ទុកប្រទេសលោកខាងលិចទាំងឡាយណា ដែលផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវ ជា “អ្នកចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមនៅអ៊ុយក្រែន”៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner