លោក Trump ជះលុយហោប៉ៅខ្លួនឯងដំឡើងបង្គោលទង់ជាតិខ្នាតយក្សនៅសេតវិមាន
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានដកលុយចេញពីហោប៉ៅខ្លួនឯងរាប់ម៉ឺនដុល្លារ ដំឡើងបង្គោលទង់ជាតិអាមេរិកថ្មីដ៏ធំចំនួនពីរដើមនៅខាងក្រៅសេតវិមាន ដែលបង្គោលនីមួយៗមានកំពស់ ៣០.៥ម៉ែត្រ។
លោកប្រធានាធិបតី Trump និយាយថា បង្គោលទង់ជាតិអាមេរិកថ្មីទាំងពីរដើមនេះ រូបលោកបានប្រើប្រាស់លុយរបស់គាត់ផ្ទាល់។ លោកថា នេះជាកិច្ចខិតខំប្រឹងប្រែងបង្ហាញពីការស្នេហាជាតិ ដែលមិនចំណាយប្រាក់របស់អ្នកបង់ពន្ធអាមេរិកសូម្បីមួយសេន។
មេដឹកនាំអាមេរិករូបនេះបន្តថា បង្គោលទង់ជាតិទាំងពីរ ក្នុងមួយដើមមានតម្លៃ ៥០.០០០ដុល្លារ ដោយរូបលោកផ្ទាល់ជាអ្នករ៉ាប់រងការចំណាយទាំងអស់។ ក្នុងនោះមួយដើមដាំនៅលើវាលស្មៅខាងជើង និងមួយដើមទៀតដាំនៅលើស្មៅខាងត្បូងនៃសេតវិមាន។
លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីខែមេសាថា អាមេរិកត្រូវការបង្គោលទង់ជាតិដែលរឹងមាំសម្រាប់រយៈពេល ២០០ឆ្នាំ។
បង្គោលទង់ជាតិថ្មីនេះ ត្រូវបានដំឡើងកាលពីខែមុន មុនថ្ងៃឈប់សម្រាក៤ ខែកក្កដា។ ហើយលោកប្រធានាធិបតី Trump បានធ្វើពិធីលើកទង់ជាតិនៅថ្ងៃទី១៨ ខែមិថុនា។ លោកថា នេះគឺជាបង្គោលទង់ជាតិដ៏ល្អបំផុត ទាំងនៅក្នុងសហរដ្ឋអាមេរិក ឬក្នុងពិភពលោក។
ការដំឡើងបង្គោលទង់ជាតិនេះទៀតសោត គឺជាការកែលម្អថ្មីបំផុតរបស់លោកប្រធានាធិបតី Trump ចំពោះសេតវិមានក្រោមរដ្ឋបាលទីពីររបស់លោក។
ជាក់ស្តែង សួនផ្កាសេតវិមានបច្ចុប្បន្នក៏កំពុងត្រូវបានសាងសង់ផងដែរ បន្ទាប់ពីលោក Trump បានប្រកាសកាលពីខែមីនាថា គាត់មានគម្រោងជួសជុលសួនច្បារប្រវត្តិសាស្ត្រនេះ ប្តូរពីក្រាលស្មៅជំនួសឲ្យការក្រាលឥដ្ឋវិញ ក្រោមហេតុពិបាកធ្វើដំណើរ ពិសេសចំពោះស្រ្តីពាក់ស្បែកជើងកែងខ្ពស់៕
ប្រភព ៖ Fox News ប្រែសម្រួល ៖ ឈឹម ទីណា
