ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រៀបចំពិធីទូងស្គរអបអរសាទរនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីព្រឹកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចូលរួមប្រារព្ធពិធីទូងស្គរអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយមោទកភាពជាតិដ៏ខ្ពង់ខ្ពស់បំផុតដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចជាឯកច្ឆន្ទចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តាមអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការប្រារព្ធពិធីអបអរសាទរនេះផងដែរ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស សម្រាប់ជនជំនាន់ក្រោយ។ ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ដែលរួមមានអតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។
ស្មារតីសាមគ្គីរួបរួមជាតិ ជាធ្លុងមួយ បានបំផុសស្មារតីកូនខ្មែរ ក្រោមដំបូលសន្តិភាពដែលជាគ្រឹះនៃការកសាងនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ ៕
ដោយ ៖ វណ្ណា

