ឯកឧត្តម សំហេង បុរស ដឹកនាំ កិច្ចប្រជុំស្តីអំពីការត្រៀមរៀបចំការប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បុរស សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មធិការកណ្តាល ស.ស.យ.ក. និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយ ឯកឧត្តម គួច វេងស្រ៊ុន ប្រធានក្រុមប្រតិបត្តិនៃកម្មវិធីប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាជារួមអំពីកម្មវិធី និងជំរុញការផ្សព្វផ្សាយឆ្ពោះទៅកាន់កម្មវិធី ប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ” ក្រោមប្រធានបទ៖ “តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ” នៅអាគារ The kampus។

កិច្ចប្រជុំនេះ ជំរុញធ្វើយ៉ាងណាឱ្យសមាជិកសមាជិការដែលពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រៀមខ្លួនឱ្យបានល្អ ដើម្បីសម្របសម្រួលឱ្យកម្មវិធី បាល់ទាត់មួយនេះ ប្រព្រឹត្តិទៅដោយរលូននិងមានភាពជោគជ័យ ។ សូមបញ្ជាក់ថា បញ្ជាក់ដែរថា កម្មវិធីប្រកួតបាល់ទាត់កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខ” ក្រោមប្រធានបទ៖ “តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ”ប្រព្រឹត្តឡើងក្នុងគោលបំណង បង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយដើម្បីជួយដល់កងទ័ពជួរមុខ និងបង្ហាញអំពីស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជា ពោរពេញដោយភាពជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខរបស់យើង ក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិខ្មែរ ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីក្រុមការងាររៀបចំសមាជិក សមាជិកា ស.ស.យ.ក. រាជធានីភ្នំពេញ និងវិស័យ ព្រមទាំង ស.ស.យ.ក. ខេត្តកណ្តាល រួមទាំងតំណាងគ្រឹះស្ថានឧត្តមសិក្សាជាច្រើនរូបទៀតផងដែរ។
កុំភ្លេចណា! ចូលរួមទាំងអស់គ្នាដោយសេរី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិកទាំអស់គ្នាចាប់ពីម៉ោង ៣:០០ នាទីរសៀលតទៅ៕









ដោយ ជាវ ចន្ធូ