សម្ដេចនាយករដ្ឋមន្ត្រី គាំទ្រការរៀបចំតំបន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយនេះ មួយផ្នែក ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ

(កំពង់ឆ្នាំង)៖ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រចំពោះគោលគំនិត នៃការរៀបចំតំបន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយនេះ មួយផ្នែកឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ សូមគ្រប់អង្គភាព​សហការជាមួយអាជ្ញាធរដែនដី ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំឱ្យលេចចេញជារូបរាងឡើង ។ សម្តេច ក៏បានប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការសិក្សា និង ដំណើរការរៀបចំស្ថាបនាផ្លូវ នៅក្នុងតំបន់នេះ ។ សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើក ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។

ក្នុងឱកាសនេះ សម្តេចធិបតី បានណែនាំកងរាជអាវុធហត្ថ ត្រូវបន្តហ្វឹកហ្វឺន សំដៅអភិវឌ្ឍន៍ ធនធានមនុស្ស ពង្រឹងសមត្ថភាព និង លើកកម្ពស់គុណភាព ប្រកបដោយការទទួលខុសត្រូវ និង មានប្រសិទ្ធភាព និងប្រាប់ឱ្យកងរាជអាវុធហត្ថត្រូវខិតខំថែរក្សា ជួសជុលសំណង់ដែលស្រាប់ និង យកចិត្តទុកដាក់សាងសង់ថ្មី តាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង ជាពិសេសត្រូវយកចិត្តទុកដាក់បំផុតទៅលើការប្រើប្រាស់កម្លាំង ធនធាន និង ទ្រព្យសម្បត្តិរបស់អង្គភាព ឱ្យបានស្ថិតស្ថេរ និង មានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការ ជំនាញ និង សូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និង បានគង់វង្ស។

សម្តេចធិបតី បានណែនាំកងរាជអាវុធហត្ថ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមការពារសន្តិសុខ រក្សារៀបរយសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដោយត្រូវពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសឧក្រិដ្ឋកម្មនានា ដូចជា ការជួញដូរផលិត ចែកចាយគ្រឿងញៀនខុសច្បាប់, អំពើជំរិតទារប្រាក់ ឆបោកតាមអនឡាញ, អំពើជួញដូរមនុស្ស, អំពើភេរវកម្ម, បទល្មើសធនធានធម្មជាតិ និងអំពើល្មើសច្បាប់នានា។ ក្រៅពីនោះត្រូវបន្តចូលរួមការងារមនុស្សធម៌ កិច្ចការសង្គម និង សង្គ្រោះគ្រោះមហន្តរាយ។

សម្តេចធិបតី បានបញ្ជាក់ថា កងរាជអាវុធហត្ថ ត្រូវតែជាកងកម្លំាងដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និង ប្រជាជន និង យកអស់ស្មារតី គោរពឱ្យបានម៉ឺងម៉ាត់ នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្ដិកៈកងយោធនពលខេមរភូមិន្ទ បទដ្ឋានគតិយុទ្ធនានា ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្ដីថ្លៃថ្នូរ របស់កងយោធនពលខេមរភូមិន្ទ និង ក្លាយជាកម្លាំងរឹងមំា ដើម្បីការពារជាតិមាតុភូមិ និង ប្រជាជន ។

សម្តេចក៏លើកទឹកចិត្តដល់កងកម្លំាងកងរាជអាវុធហត្ថ សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និង គុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និង ជាសសរស្តម្ភសម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្ឃឹមជឿជាក់យ៉ាងមុតមំាចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និង ភក្តីភាព របស់កងកម្លាំងគ្រប់រូប និង សូមសម្តែងនូវការពេញចិត្ត បន្តជួយឧបត្ថម្ភគាំទ្រទំាងស្មារតី និងសម្ភារដល់កងរាជអាវុធហត្ថ ឱ្យបានស័ក្តិសមជាកម្លំាង អនុវត្តច្បាប់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និង កិត្យានុភាព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ads banner