សម្តេចតេជោ ហ៊ុន សែន ៖ លោក ថាក់ស៉ីន ធ្លាប់ទម្លាយឯកសារថៃឲ្យសម្តេច កាលលោក អភិសិត ជានាយករដ្ឋមន្ត្រី ដែលជាអំពើក្បត់ជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា លោក ថាក់ស៊ីន ធ្លាប់ទម្លាយឯកសារថៃ ឱ្យសម្តេច កាលលោក អភិសិត កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ។ សម្តេច បានចាត់ទុកថា ទង្វើរបស់លោក ថាក់ស៊ីន ដែលផ្តល់ឯកសារឱ្យសម្តេច គឺជាអំពើក្បត់ជាតិ ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងដូច្នេះនៅក្នុងសម័យប្រជុំ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យលើសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញពាក់ព័ន្ធការដកសញ្ជាតិ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថាក់ស៊ីន ត្រូវចាំ ថាក់ស៊ីនឯង លួចផ្តល់ឯកសារឱ្យខ្ញុំយ៉ាងណា នៅពេលដែលរដ្ឋាភិបាល អភិសិត ។ ថាក់ស៊ីន កុំច្រឡំ ថាក់ស៊ីន ឯង និយាយខុសហើយ។ ខ្ញុំបង្ហោះសារពីម្សិលមិញ ថ្ងៃនេះ ខ្ញុំនិយាយថែមបន្តិចទៅចុះ ។ ថាក់ស៊ីន កុំភាន់ច្រឡំ ថាក់ស៊ីន ឯងថា ស្តាយដែលរាប់អានមនុស្សខុស ។ ថាក់ស៊ីន ឯងយល់ច្រឡំធំណាស់ បើគ្មាន ហ៊ុន សែន ថាក់ស៊ីន ក៏អត់អាចចូលស្រុកបានដែរ ហើយក៏មិនអាច មកតំបន់អាស៊ីអាគ្នេយ៍បានដែរ។ ប៉ុន្តែ ថាក់ស៊ីន ឯងចង់ឲ្យខ្ញុំបញ្ចេញ ថាក់ស៊ីន ឯង បញ្ជូនឯកសារ អភិសិត វ៉ាចាជីវ៉ា ឲ្យខ្ញុំ។ ថាក់ស៊ីន ឯងមានបទល្មើសក្បត់ជាតិថៃខ្លួនឯង ខ្ញុំមានឯកសារ ខ្ញុំអាចនិទាន ៣ម៉ោង ទៅ៤ម៉ោង ។

សម្តេចតេជោ បានបន្តថា យប់មិញ ខ្ញុំមើលតិកតុក គឺឆ្នាំ២០១០ ខ្ញុំប្រកាសអត់យកលុយថៃ កសាងផ្លូវលេខ៦៨ ។ អភិសិត បានទូរសព្ទមកសួរខ្ញុំ ថា តើម៉េចបានជាឯកឧត្តម មិនទទួល ប្រាក់កាក់។ ខ្ញុំថា អត់ទទួលទេ ដោយសារខ្ញុំទទួលបានព័ត៌មានជាក់លាក់ថា ឯកឧត្តម បង្កកលុយ ដើម្បីធ្វើមកលើកម្ពុជា ។ អ៊ីចឹង តើឯកសារហ្នឹង បានមកពីណា គឺបានមកពី ថាក់ស៊ីន អ្នកលួចផ្តល់ឯកសារមកឲ្យខ្ញុំ ។ អ៊ីចឹង ថាក់ស៊ីន សូមកុំច្រឡំ កុំច្រឡោត។ កូនខ្លួនឯងប្រមាថខ្ញុំ ទើបខ្ញុំត្រូវធ្វើ។ ខ្ញុំ និងកាសែត Nikkei បានធ្វើការទស្សន៍ទាយថា ហេតុអ្វីបានជា ហ៊ុន សែន ធ្វើអ៊ីចឹង ចុងក្រោយ កាសែត Nikkei ធ្វើការសន្និដ្ឋានមួយបានត្រឹមត្រូវ ថា លោក ហ៊ុន សែន ធ្វើអ៊ីចឹង ព្រោះចង់ដោះស្រាយព្រំដែន ដែលមិនទាន់ដាច់ស្រេចគ្នា គឺនៅក្នុងពេលវេលា ដែលគាត់ នៅមានអំណាច។ ត្រឹមត្រូវ ខ្ញុំចង់ដោះស្រាយអាហ្នឹង ។
បើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន គឺមិនចង់បានសង្គ្រាមទេ ហើយការយកសំណុំរឿង តំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ឡើងទៅតុលាការអន្តរជាតិឡេអេ គឺជាសន្តិវិធីដែរ ។ ការចរចាទ្វេភាគី ក៏សន្តិវិធី និងការឡើងទៅតុលាការ ក៏សន្តិវិធី ព្រោះជម្រើស អត់មានអ្វីផ្សេងទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បរទេសទាំងឡាយ ដែលគោរពច្បាប់ សូមគោរពគោលជំហររបស់កម្ពុជាផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
