ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរការប្រើប្រាស់គ្រឿងញៀន តាមរយៈសេវាប្រៃសណីយ៍” នៅខេត្តកំពត
(ខេត្តកំពត)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរការប្រើប្រាស់គ្រឿងញៀន តាមរយៈសេវាប្រៃសណីយ៍” នៅសណ្ឋាគារភាពសុខុម ខេត្តកំពត។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្រ្តចារ្យវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមឧត្តមសេនីយត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងមន្រ្តីរាជការតំណាងមន្ទីរប្រៃសណីយ៍និងទូរគនាគមន៍ខេត្ត បណ្ដាសាខាប្រតិបត្តិករ ក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍សរុបប្រមាណ ១៣០រូប។
សិក្ខាសាលានេះរៀបចំក្នុងគោលបំណង ១). ដើម្បីកាត់បន្ថយ ឬទប់ស្កាត់នូវភាពអវិជ្ជមានដែលបានប៉ះពាល់ដល់ធនធានមនុស្ស ២). ផ្សព្វផ្សាយចំណេះដឹងការចរាចរគ្រឿងញៀន ដែលត្រូវបានលួចបង្កប់តាមបញ្ញើប្រៃសណីយ៍ ៣). ចែករំលែកបទពិសោធក្នុងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀន និងបញ្ហាអេដស៍ ដើម្បីការពារខ្លួនក៏ដូចជាមានវិធានការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងនាំគ្នាយល់អំពីលទ្ធផលនៃការខ្ជីខ្ជា ឬមើលស្រាលជំងឺអេដស៍។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនដែលបានចំណាយពេលវេលា ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធថ្មីៗ ពាក់ព័ន្ធនិងជំងឺអេដស៍ ក៏ដូចជាបញ្ហាគ្រឿងញៀនផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាដែលបានចូលរួមនៅថ្ងៃនេះគឺជាសកម្មភាព ជាចលនា ចូលរួមបញ្ចប់ជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរគ្រឿងញៀន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យកញ្ចប់បញ្ញើក្នុងក្រុមហ៊ុនរបស់ខ្លួន៕
ដោយ ៖ ង៉ាន់ ទិត្យ









