អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារ និងកំណត់ទិសដៅការងារបន្ត
(ភ្នំពេញ)៖ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមិថុនា និងកំណត់ទិសដៅការងារខែកក្កដា ឆាំ២០២៥ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង ។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនអង្គប្រជុំដោយសង្ខេបអំពីព្រឹត្តិការណ៍ជាតិធំៗ ជាពិសេស បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលផ្ដើមចេញពីការចូលមកបាញ់សម្លាប់ទាហានកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ និងការសម្រេចបិទព្រំដែនជាឯកតោភាគីរបស់ទាហានថៃ។ បច្ចុប្បន្ន ទាំងសម្តេចតេជោ និងរាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែននេះ ដោយប្រើប្រាស់យន្តការនានា ដើម្បីដោះស្រាយយបញ្ហាដោយសន្តិវិធី។
ទន្ទឹមគ្នានោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានជម្រាបអំពីការងារដ៏មមាញឹករបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានឆ្លៀតពេលអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងការពារព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ ។
ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងអំពីមូលហេតុនៃការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រឹទ្ធសភាបានបើកសម័យប្រជុំវិសាមញ្ញ កាលពីព្រឹកមិញ ដោយសារតែមានក្រុមជនជ្រុលនិយមមួយក្តាប់តូច គប់គិតជាមួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។
ពាក់ព័ន្ធនឹងការអភិវឌ្ឍស្ថាប័ន ឯកឧត្តមអគ្គលេខាធិការ បានមានប្រសាសន៍កោតសរសើរ គណៈកម្មការបេឡាសោធនិវត្ត នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានរៀបចំរបាយការណ៍វិភាគអំពី ដំណើរការគ្រប់គ្រងបេឡាសោធនិវត្ត តាមឆ្នាំនីមួយៗ ក្នុងរយៈពេល២០ឆ្នាំទៅមុខទៀត ដែលមានលក្ខណៈច្បាស់លាស់ និងសុក្រឹត្យ។ ឯកឧត្តមក៏បានណែនាំដល់គណៈកម្មការបេឡាសោធនិវត្ត រៀបចំរបាយការណ៍ស្តីពីដំណើរការគ្រប់គ្រងបេឡាសោធនិវត្ត ជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេច ។
ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនអង្គប្រជុំអំពីការបង្កើតក្រុមការងារស្រាវជ្រាវអំពីស្ថាបត្យកម្មរបស់ព្រឹទ្ធសភា ដើម្បីប្រមូលចងក្រងឯកសារទាំងអស់នោះ រៀបចំធ្វើជាសៀវភៅប្រវត្តិអគារព្រឹទ្ធសភា សម្រាប់អបអរសាទរក្នុងពិធីសម្ពោធអគារព្រឹទ្ធសភាថ្មី នាពេលខាងមុខនេះ។ បន្ថែមពីនេះ ឯកឧត្តមបានស្នើដល់អង្គភាពពាក់ព័ន្ធពិនិត្យជ្រើសរើសមន្រ្តីដែលមានសមត្ថភាព ចូលរួមក្នុងក្រុម Task Force ដើម្បីជួយពិនិត្យលើការងារបច្ចេកវិទ្យាព័ត៌មាន ការស្រាវជ្រាវ ការវាយតម្លៃផែនការយុទ្ធសាស្រ្ត ។
ចំពោះអាហាររូបករណ៍ដែលផ្តល់ឱ្យពីសាកលវិទ្យាល័យនានា ដល់មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តមអគ្គលេខាធិការ បានណែនាំឱ្យមានការជួបពិភាក្សាជាមួយសាកលវិទ្យាល័យ ដើម្បីទទួលបានព័ត៌មានលម្អិត មុននឹងផ្សព្វផ្សាយសេចក្តីជូនដំណឹងជូនមន្រ្តី។
ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អង្គភាពទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នក្នុងការទុកដាក់ឯកសារ និងសម្ភារៈផ្សេងៗ ពីព្រោះថា ពេលនេះជារដូវរស្សាដែលអាចមានភ្លៀងច្រើន ពេលខ្លះអាចធ្វើឱ្យមានការជន់លិចដោយសារទឹកភ្លៀង។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់មន្រ្តីរាជការ ត្រូវមានការប្រុងប្រយ័ត្នក្នុងការបើកបរម៉ូតូ ក្នុងពេលមេឃភ្លៀង ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕
ដោយ ៖ វណ្ណលុក








