ការបង្កើតក្រុមមេធាវីស្ម័គ្រចិត្តប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺមិនមែនសម្រាប់តតាំងនឹងការរិះគន់របស់អ្នកគាំទ្រនោះទេ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែ កក្តដា ឆ្នាំ២០២៥ម្សិលមិញនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងមេធាវីស្ម័គ្រចិត្តប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមានចំនួន ៣១រូប នៅក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។
ជាមួយនិងការបង្កើតក្រុមមេធាវីប្រចាំសហព័ន្ធឡើងមកនេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងបញ្ជាក់ថា ក្រុមមេធាវីដែលសហព័ន្ធបង្កើតឡើងមកនេះ មិនមែនរៀបចំមក ដើម្បីតតាំងនឹងការរិះគន់របស់មហាជនមួយចំនួននោះទេ ប៉ុន្តែការរៀបចំក្រុមមេធាវីប្រចាំសហព័ន្ធ គឺដោយសារតែការវិវឌ្ឍរបស់សហព័ន្ធមានការងារច្រើនណាស់ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយសហព័ន្ធត្រូវមានក្រុមការងារផ្នែកច្បាប់ ដើម្បីជួយសហព័ន្ធក្នុងការរៀបចំឯកសារគតិយុត្ត ក៏ដូចជាជួយរៀបចំលក្ខន្តិកៈផ្សេងៗរបស់សហព័ន្ធ សម្រាប់ប្រតិបត្តិការងារទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជួយការពារភាពស្របច្បាប់របស់សហព័ន្ធ។
ក្នុងករណីណា ដែលមានការបំពារបំពានផ្លូវច្បាប់ដល់សហព័ន្ធ គឺសហព័ន្ធមានសិទ្ធិក្រុមការងារផ្នែកច្បាប់របស់ខ្លួន ដើម្បីការពារទៅតាមផ្លូវច្បាប់។ ចំពោះបញ្ហាដែលលើកឡើងថា ការបង្កើតក្រុមមេធាវីប្រចាំសហព័ន្ធនឹងការពារលើការរិះគន់ផ្សេងៗនោះ គឺសហព័ន្ធមិនទាន់បានគិតគូដល់បញ្ហានេះនៅឡើយទេ ដោយយើងគាំទ្រឱ្យមានការបញ្ចេញមតិរិះគន់ ក្នុងន័យស្ថាបនា។ ប៉ុន្តែប្រសិនបើការរិះគន់ណាមួយ ក្នុងន័យមួលបង្កាច់ ឬធ្វើឱ្យមានការយល់ច្រឡំ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍរបស់វិស័យកីឡាប្រដាល់គុនខ្មែរជាលក្ខណៈជាតិ និងអន្តរជាតិនោះ សហព័ន្ធនឹងអាចចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយក្រុមការងារច្បាប់នឹងសិក្សាទៅលើករណីនោះ។
ប្រធានសហពន្ធ បានរំលេចថា ជាគោលការណ៍ គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនដែលចង់យកអ្នកគាំទ្រធ្វើជាសត្រូវនោះទេ ដោយយើងស្វាគមន៍ចំពោះការរិះគន់ទាំងឡាយណា ដែលឈរលើន័យស្ថាបនា ឬរិះគន់ឱ្យមានមូលដ្ឋានច្បាស់លាស់ ដោយសុំឱ្យការរិះគន់ទាំងនោះឈរលើភាពត្រឹមត្រូវ ពីព្រោះបើផ្លូវច្បាប់ឈរត្រឹមត្រូវ ហើយបើការរិះគត់នោះឈរលើភាពត្រឹមត្រូវ គឺគ្មានអ្នកណាធ្វើអ្វីគាត់កើតនោះដែរ។ ប៉ុន្តែបើការរិះគន់មិនឈរលើភាពត្រឹមត្រូវ ឬចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់នោះទេ នោះនឹងអាចប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ក៏ប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់សហព័ន្ធក្នុងការអភិវឌ្ឍដូចគ្នាផងដែរ។
ឯកឧត្តម ខូវ ឆាយ សង្កត់ធ្ងន់បែបនេះថា៖«ការបង្កើតក្រុមមេធាវីស្ម័គ្រចិត្តប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺមិនមែនសម្រាប់តតាំងនឹងការរិះគន់របស់អ្នកគាំទ្រនោះទេ ប៉ុន្តែការបង្កើតក្រុមមេធាវីនេះ គឺដើម្បីការការពារផ្លូវច្បាប់ដល់សហព័ន្ធ ក៏ដូចជាភាគីពាក់ព័ន្ធ ដូចជាក្លឹប គ្រូបង្វឹក កីឡាករ កីឡាការិនីជាដើម។
បើសិនបើ ក្នុងករណី ក្លឹប កីឡាករ កីឡាការិនីមានរឿងក្តីកើតឡើង ឬមានបញ្ហាផ្លូវច្បាប់កើតឡើង គឺក្រុមការងារច្បាប់នឹងជួយគាំទ្រពួកគាត់នៅតុលាការគ្រប់ជាន់ថ្នាក់ ពីព្រោះក្រុមមេធាវីប្រចាំសហព័ន្ធនឹងជួយការងារផ្នែកច្បាប់ដល់វិស័យកីឡាប្រដាល់គុនខ្មែរទាំងមូល។ ដូច្នេះ បន្ទាប់ពីការសម្រេចបង្កើតក្រុមមេធាវីនេះឡើង យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងនឹងមានភាពរឹងមាំ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយសារតែយើងមានក្រុមអ្នកច្បាប់ជួយចង្អុលបង្ហាញយើង ហើយក៏នឹងអាចកាត់បន្ថយនូវភាពចម្រូងចម្រាស់ ក៏ដូចជាអាចកាត់បន្ថយនូវទង្វើអាក្រក់ៗធ្ងន់ធ្ងរបានផងដែរ ដូចកន្លងមកមានការជេរប្រមាថធ្ងន់ធ្ងរ ហើយក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូបក៏មិនចង់ឃើញប្រជាជាតិយើងមានវប្បធម៌មិនល្អនោះទេ ពីព្រោះយើងជាជាតិសាសន៍មួយមានសេចក្តីថ្លៃថ្លូរ កិត្តិយស ប្រពៃណីល្អផូរផង់ ដូច្នេះយើងត្រូវតែចូលរួមថែរក្សាវប្បធម៌ដ៏ល្អផូរផងរបស់ជាតិឱ្យបានទាំងអស់គ្នា»។ ឯកឧត្តម ខូវ ឆាយ បានបន្ថែម ។
គួរបញ្ជាក់ថា ក្រុមមេធាវីប្រចាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានតួនាទី និងភារកិច្ច ដូចជា ជាសេនាធិការជូនសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, រៀបចំ កែសម្រួល ធ្វើកិច្ចសន្យា និងលិខិតស្នាមពាក់ព័ន្ធ, ការពារក្តីនៅតុលាការគ្រប់ជាន់ថ្នាក់ និងដោះស្រាយវិវាទនានា, រៀបចំធ្វើឯកសារ និងលិខិតបទដ្ឋានគតិយុត្តនានា, ផ្តល់ការប្រឹក្សាផ្នែកច្បាប់ ធ្វើជាអ្នកតំណាងស្របច្បាប់ និងការពារសិទ្ធិឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងបំពេញការងារផ្សេងៗទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ





