អ្នកសម្របសម្រួល UN ស្ងោចសរសើរកងទ័ពកម្ពុជា ត្រួសត្រាយផ្លូវដ៏លំបាកប្រែក្លាយពីតំបន់មានជម្លោះទៅកាន់សន្តិភាព

(ភ្នំពេញ)៖ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានស្ងោចសរសើរកងទ័ពមួកខៀវកម្ពុជា ចំពោះការលះបង់ ដែលបានចូលរួមក្នុងបុព្វហេតុរួម និងត្រួសត្រាយផ្លូវដ៏លំបាកជួយប្រជាជននៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយប្រែក្លាយពីតំបន់មានជម្លោះទៅកាន់សន្តិភាព។

ការលើកឡើងបែបនេះ របស់ លោក យូស៊ិប សូយ័រ (Joseph Scheuer) អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាស ចូលរួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទទួលដំណើរមាតុភូមិនិវត្តន៍កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព អ.ប.ស នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ប្រជាជន និងយោធិនកម្ពុជា ដែលបានចូលរួមក្នុងបុព្វហេតុរួម ដើម្បីរក្សាសន្តិភាពនៅលើពិភពលោក។ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) បានលើកឡើងថា កងទ័ពកម្ពុជា បានបំពេញភារកិច្ចដោយភាពក្លាហាន សេចក្តីថ្លៃថ្នូរ និងវិជ្ជាជីវៈក្នុងបរិយាកាសដ៏ លំបាក។ ក្នុងគ្រាលំបាកទាំងនោះភាពក្លាហានរបស់កងទ័ពកម្ពុជា ត្រូវបានបង្ហាញចេញយ៉ាងពិតប្រាកដ។ នៅពេលកងទ័ពមួកខៀវកម្ពុជាត្រលប់មកមាតុភូមិវិញ អ្នកបានក្លាយជាអ្នករក្សាសន្តិភាពដ៏អង់អាច ដែលបានបម្រើសហគមន៍នៃប្រជាជាតិនានា ដើម្បីស្វែងរកអនាគតដ៏ល្អប្រសើរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះនាយ-ពលទាហាននៃកងវិស្វកម្មពហុជំនាញ លេខ៤៦៨ ដែលបានបង្ហាញសមត្ថភាពខ្ពស់ក្នុងការសម្រេចបានសមិទ្ធផលយ៉ាងច្រើនជូនកងយោធពលខេមរភូមិន្ទ បានរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ គម្រូវីរភាពរបស់កម្លាំងមួកខៀវកម្ពុជា ចំពោះការចូលរួមចំណែកដល់បុព្វហេតុសន្តិភាព តាមរយៈបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងបណ្តាប្រទេសដែលកំពុងជួបវិបត្តិ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នយើងក៏មានកងកម្លាំងស្ត្រីចំនួន២០,៨% បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានគូសបញ្ជាក់ផងដែរថា ជាង២០ឆ្នាំកន្លងមកនេះ កងកម្លាំងកម្ពុជាបានប្រើប្រាស់ជំនាញ វិជ្ជាជីវៈខ្ពស់ និងបង្ហាញពីស្មារតី សាមគ្គីភាព សហប្រតិបត្តិការ ការគោរពវិន័យល្អ និងភាពអង់អាចក្លាហាន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលខ្លួនបានចូលរួមបំពេញបេសកកម្ម៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner