លោក Trump ដាក់ឱសានវាទឱ្យរុស្ស៊ី ៥០ថ្ងៃបញ្ចប់សង្គ្រាមអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃទី១៤ ខែកក្កដា បានប្រកាសក្តែងៗ ទុកពេល ៥០ថ្ងៃគត់ឲ្យរុស្ស៊ីដោះស្រាយសង្គ្រាមអ៊ុយក្រែន ឬត្រូវប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចថ្មីដ៏ធំបំផុតមិនធ្លាប់មាន។
ក្នុងកំលុងជំនួបជាមួយប្រមុខណាតូនៅសេតវិមាន, លោកប្រធានាធិបតី Trump បានប្រាប់អ្នកយកព័ត៌មានថា យើងពិតជាខកចិត្តខ្លាំងណាស់ជាមួយរុស្ស៊ី។
បើសិនយើងមិនមានកិច្ចព្រមព្រៀងក្នុងរយៈពេល ៥០ថ្ងៃនោះទេ យើងនឹងដាក់ពន្ធដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានលើរុស្ស៊ី តាមរយៈការរឹតត្បិតលើដៃគូពាណិជ្ជកម្មរបស់ទីក្រុងមូស្គូ ដែលពន្ធនោះប្រហែលជាច្រើនជាង ១០០ភាគរយទៅទៀត។
ជាមួយគ្នានេះ លោក Trump និង លោក Rutte ក៏បានបង្ហាញពីកិច្ចព្រមព្រៀងមួយ ដែលសម្ព័ន្ធយោធាណាតូនឹងជះលុយរាប់ពាន់លានដុល្លារទិញអាវុធពីអាមេរិក។
ក្នុងនោះរួមមានទាំងប្រព័ន្ធការពារមីស៊ីល Patriot ហើយបន្ទាប់មកនឹងចែកចាយវាទៅឲ្យអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីតទៅមុខទៀត។
ចំណែកលោក Rutte ប្រមុខអង្គការណាតូមានវ័យ៥៨ឆ្នាំ បាននិយាយថា អ៊ុយក្រែននឹងទទួលបានសព្វាវុធក្នុងចំនួនដ៏ច្រើនស្ថិតក្រោមកិច្ចព្រមព្រៀងមួយនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា