ក្រុមក្មេងទំនើង៨នាក់នៅខេត្តកំពង់ស្ពឺដែលសម្ញែងកាំបិតផ្គាក់បង្ហោះតាមបណ្តាញសង្គមត្រូវបានឃាត់ខ្លួន

កំពង់ស្ពឺ៖ក្រោយពីម្ចាស់គណនីហ្វេសប៊ុកមួយបានផ្ញើវីដេអូសកម្មភាពក្រុមក្មេងទំនើង​ជិះម៉ូតូ​ធ្វើសកម្មភាពអូសកាំបិត​ផ្គាក់នៅលើផ្លូវសាធារណ: មកកាន់ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ​នគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាជាបន្ទាន់ដើម្បីស្រាវជ្រាវវែកមុខរកក្រុមក្មេង​ទំនើង​ទាំងនោះ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា បន្ទាប់ពីទទួល​បានបទបញ្ជា​ពីឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែកក្កដាកម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយ​កម្លាំងប៉ុស្ដិ៍ត្រពាំងគង ចុះស្រាវជ្រាវ និងឈានទៅឃាត់ឃាតក្មេងទំនើង៨នាក់ដល់ផ្ទះ។ពួកគេសុទ្ធ​ជាភេទប្រុស​,ជា​សិស្សនិងជា​កម្មករ ហើយរស់នៅក្នុងស្រុកសំរោងទង។

ក្មេងទំនើងដែលឃាត់មាន៖១- ឈ្មោះ ផន ហៃគីម អាយុ ១៦ឆ្នាំ កាន់កាំបិត នៅភូមិព្រៃសុភី ឃុំត្រពាំងគង ស្រុកសំរោងទង,២- ឈ្មោះ ហ៊ុ សុវណ្ណបរិញ្ញា ហៅញ៉ា អាយុ ១៦ឆ្នាំ ជាអ្នកកាន់កាំបិតសម្ញែងតាមផ្លូវសាធារណៈ,៣- ឈ្មោះ ឡេង គឹមឈុន អាយុ ១៦ឆ្នាំ អ្នកឌុប រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ,៤- ឈ្មោះ ខុន វាសនា អាយុ ១៥ឆ្នាំ ជាអ្នកកាន់កាំបិត ,៥- ឈ្មោះ ធឿន វាសនា អាយុ ១៦ឆ្នាំ ជាអ្នក​កាន់កាំបិត ៦- ឈ្មោះ ហ៊ន រតន: ហៅមិត្ត អាយុ ១៥ឆ្នាំ អ្នកឌុប, ៧- ឈ្មោះ អ៊ូច រ៉ាសាន់ អាយុ ១៧ឆ្នាំ ជាអ្នកឌុបនិង ៨- ឈ្មោះ សោម ឡុញអាឡិច អាយុ ១៧ឆ្នាំ អ្នកឌុប ។ទាំង ៤នាក់ នៅភូមិត្រពាំងគង ឃុំត្រពាំងគង។

លោកអធិការបានឱ្យដឹងថា បន្ទាប់​ពីធ្វើការសាកសួរជនសង្ស័យខាងលើបាន​សារភាពថាក្រុមខ្លួនពិតជាបានជិះម៉ូតូ អូសកាំបិតផ្គាក់ នៅលើផ្លូវកៅស៊ូភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំទោងទង កាលពីយប់ថ្ងៃទី ១២ ខែកក្កដា វេលាម៉ោង ២និង ២០នាទីរំលងអធ្រាត្រមែន។ជពួកគេធ្លាប់កាន់ដាវកាំបិតផ្គាក់បង្កភាពអុកឡុក​នៅតាមផ្លូវជាតិ​លេខ៤ផងដែរ ។ក្រុមក្មេងទំនើងបានបង្ហាញទីតាំងលាក់ទុកកាំបិត និងឈានទៅដកហូតបានកាំបិតផ្គាក់ចំនួន៤ដើម ម៉ូតូ៣គ្រឿង និងទូរសព្ទចំនួន៥​គ្រឿងដែលជិះធ្វើសកម្មភាព។ខណៈកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕


ដោយ៖ម៉ុន សំអាត

ads banner