ចិនព្រមានថា ការទាមទារឯករាជ្យរបស់តៃវ៉ាន់ នឹងនាំកោះនេះឆ្ពោះទៅរកការបំផ្លិចបំផ្លាញ
ប៉េកាំង ៖ ប្រទេសចិនបានព្រមាននៅថ្ងៃទី១៤ ខែកក្កដាថា ការបង្កហេតុសង្រ្គាមដោយកងកម្លាំងប្រដាប់អាវុធ “ឯករាជ្យតៃវ៉ាន់” គឺជាទង្វើគ្មានប្រយោជន៍ ហើយមានតែនាំកោះនេះឆ្ពោះទៅរកការបំផ្លិចបំផ្លាញដោយខ្លួនឯងតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បានព្រមានបែបនេះ ជាការឆ្លើយតបនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលសួរពាក់ព័ន្ធនឹងការបង្កើតកងកម្លាំងកាំភ្លើងធំ HIMARS ដំដំបូងរបស់កោះតៃវ៉ាន់។
លោក Jiang និយាយថា ការទិញអាវុធរបស់អាមេរិក ដើម្បីពង្រឹងខ្លួនឯងគឺជារឿងគ្មានប្រយោជន៍ និងបោកបញ្ឆោតខ្លួនឯង ហើយការទប់ទល់នឹងការបង្រួបបង្រួមដោយកម្លាំង គឺជាការបញ្ចប់ជីវិត។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានបន្ថែមថា មូលហេតុនៃភាពតានតឹងបច្ចុប្បន្ននៅក្នុងទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺដោយសារការឃុបឃិតរបស់រដ្ឋបាលកោះតៃវ៉ាន់ជាមួយកងកម្លាំងខាងក្រៅ ដើម្បីប៉ុនប៉ងបង្កហេតុស្វែងរកឯករាជ្យ។
លោក Jiang វ័យ៥៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា យើងសង្ឃឹមថា ប្រជាជនតៃវ៉ាន់នឹងទទួលស្គាល់គ្រោះថ្នាក់ធ្ងន់ធ្ងរនៃការប៉ន់ប៉ងបំបែកខ្លួនរបស់កងកម្លាំងទាមទារ “ឯករាជ្យតៃវ៉ាន់” ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបំបែកខ្លួន និងរួមគ្នាការពារសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា