អឺរ៉ុបថា លោក Trump ទុកពេល ៥០ ថ្ងៃឲ្យលោក Putin បញ្ចប់សង្គ្រាម គឺយូរពេក
ព្រុចសែល ៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas និយាយថា លោកប្រធានាធិបតីអាមេរិក Donald Trump គួរតែដាក់ឱសានវាទឆាប់ជាង ៥០ថ្ងៃ ឱ្យមេដឹកនាំរុស្ស៊ី លោក លោក Vladimir Putin ចាប់ផ្តើមកិច្ចចរចាសន្តិភាពជុំវិញសង្រ្គាមនៅអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv Post។
ការអត្ថាធិប្បាយបែបនេះរបស់លោកស្រី Kallas ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump ក្នុងកំលុងជំនួបជាមួយប្រមុខអង្គការណាតូនៅសេតវិមានកាលពីថ្ងៃចន្ទ បានប្រកាសក្តែងៗថានឹងទុកពេលឱ្យរុស្ស៊ី ៥០ថ្ងៃ ដើម្បីរកដំណោះស្រាយសន្តិភាពក្នុងសង្រ្គាមនៅអ៊ុយក្រែន បើពុំនោះទេនឹងរងសម្ពាធពន្ធដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានដល់ទៅ ១០០%។
ប្រមុខការទូតអឺរ៉ុបលោកស្រី Kallas បានប្រាប់អ្នកសារព័ត៌មាន The Telegraph ថា នេះពិតជាភាពវិជ្ជមានណាស់ដែលលោកប្រធានាធិបតី Trump កំពុងប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែរយៈពេលកំណត់ដល់ទៅ ៥០ថ្ងៃគឺពិតជាយូរពេកហើយ ស្របពេលដែលគ្រប់គ្នាមើលឃើញថា រុស្ស៊ីកំពុងបន្តសម្លាប់ជនស៊ីវិលស្លូតត្រង់។
លោកស្រី Kallas បានសង្កត់ធ្ងន់ទៀតថា ប្រាកដណាស់ យើងទាំងអស់គ្នាត្រូវតែដាក់សម្ពាធបន្ថែមទៀតលើរុស្ស៊ី ដូច្នេះពួកគេនឹងចង់បានសន្តិភាពដូចគ្នាដែរ។ ហើយវាក៏ជារឿងល្អមួយទៀត ដែលមេដឹកនាំអាមេរិកកំពុងផ្តល់ជំនួយយោធា ដូចដែលអឺរ៉ុបកំពុងផ្តល់ឱ្យអ៊ុយក្រែន។
ក្រៅពីការគំរាមដាក់សម្ពាធរុស្ស៊ី លោកប្រធានាធិបតី Trump ក៏បានប្រកាសពីគម្រោងបញ្ជូនសព្វាវុធតម្លៃរាប់ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែនផងដែរ នៅក្នុងកិច្ចព្រមព្រៀងមួយដែលនឹងត្រូវទូទាត់ដោយបណ្ដាប្រទេសអង្គការណាតូ។
មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា គ្រឿងសព្វាវុធយោធាទាំងនោះ នឹងមានកម្រិតខ្ពស់បំផុត ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតនោះទេ។ ប្រធានាធិបតីអាមេរិករូបនេះក៏បង្ហាញក្ដីសង្ឈឹមថា នឹងមានវឌ្ឍនភាពលើបទឈប់បាញ់ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយសារតែកញ្ចប់ទណ្ឌកម្មដ៏មានឥទ្ធិពលថ្មីនេះ៕
ប្រភព ៖ Kyiv Post ប្រែសម្រួល ៖ ឈឹម ទីណា