កន្លែងវិបស្សនាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យបានក្លាយជាទីស្វែងរកភាពបរិសុទ្ធផ្លូវចិត្តរបស់អ្នកទេសចរទាំងជាតិ និងអន្តរជាតិ

(កំពង់ស្ពឺ)៖ កន្លែងវិបស្សនា នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែលស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា គឺជាគោលដៅទេសចរណ៍លំហែបៃតង និងក៏ជាទីកន្លែងសម្រាប់អ្នកប្រតិបត្តិសាសនា និងកន្លែងអ្នកទេសចរណ៍ ដែលត្រូវបានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និង ស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់បំព្រង ជាទីរីករាយសប្បាយចិត្ត។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត គឺជាអ្នកផ្តួចផ្តើមគំនិតសាងសង់ទីកន្លែងសមាធិមួយកន្លែងនេះ គឺដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតក្នុងចិត្ត។

សូមជំរាបដែរថា វិបស្សនាដែលមានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ដោយខ្លួនឯង ដោយការពិនិត្យមើលខ្លួនឯង ។ ជាដំបូង គេចាប់ពិនិត្យមើលដង្ហើមធម្មជាតិ ដើម្បីផ្ចង់ចិត្តឲ្យមូល ។ ដោយមានសតិដឹងយ៉ាងមុតនេះ គេពិនិត្យមើលធម្មជាតិផ្លាស់ប្តូររបស់កាយ និងចិត្ត ហើយពិសោធឃើញសេចក្តីពិតសាកលនៃ ឣនិច្ចំ ទុក្ខំ និងឣនត្តា ។ការសម្រេចនូវសេចក្តីពិតដោយសារការពិសោធន៍ផ្ទាល់នេះជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ ។ មាគ៌ាទាំងមូល គឺព្រះធម៌ជាឱសថសាកលសម្រាប់ដោះស្រាយបញ្ហា ហើយគ្មានឣ្វីជាប់ទាក់ទងជាមួយនឹងសាសនា ឬនិកាយណាមួយឡើយ ។

ក្នុងន័យមួយទៀត វិបស្សនាគឺជាបច្ចេកទេសមួយដើម្បីគាស់រំលើងនូវសេចក្តីទុក្ខឲ្យដាច់ឫសគល់ ។ វិបស្សនាជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ ដែលនាំមនុស្សឲ្យចេះប្រឈមមុខចំពោះភាពតានតឹង និងបញ្ហាជីវិតទាំងឡាយប្រកបដោយចិត្តស្ងប់ស្ងៀម និងមានលំនឹង ។

លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ថា មកដល់ពេលនេះមន្ទីរបរិស្ថានបានរៀបចំភាពស្អាតនៅលើដីដោយបានរៀបចំដាំកូនឈើដែលមានផ្កាលំអរក្នុងនេះដូចជាផ្កាក្ងោក ហើយដាំបានចំនួនជាង១ឆ្នាំហើយ និងរំពឹងថាការដាំរយៈពេល ២ឆ្នាំកន្លះ នឹងផ្តល់ជាផ្កាយ៉ាងស្រស់ស្អាតពុំខាន។ជាមួយគ្នានេះក៏បានរៀបចំឆ្លាកអប់រំទាក់ទិននឹងកិច្ចការពារបរិស្ថានផងដែរ។ ដោយឡែកចំពោះការអនុវត្តភាពស្អាតនៅលើមេឃវិញ យើងបានដាក់អំពូលភ្លើងដោយមិនបានប្រើប្រាស់អគ្គិសនី ដោយជំនួសមកវិញជាអំពូលសូឡា ។

លោកបានបញ្ជាក់ថាតាមរយៈការដាំដើមឈើ កិច្ចការពារបរិស្ថានទាំងនេះគឺមិនត្រឹមតែផ្តល់បរិស្ថានស្អាតល្អទេ តែក៏បានជួយដល់ម្លប់ត្រជាក់ជាទីមនោរម្យដល់អ្នកចូលមកកម្សាន្ត ពិសេសអ្នកមកវិបស្សនា នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យនេះតែម្តង។អ្នកមកលេងគិរីរម្យនេះមិនត្រឹមតែបានកម្សាន្តរម្យណីយដ្ឋានទេ តែពួកគាត់មួយចំនួនក៏បានជ្រើសរើសលើភ្នំនេះសម្រាប់ធ្វើវិបស្សនាដែលការធ្វើចិត្តឱ្យបរិសុទ្ធផូរផង់ និងចិត្តស្ងប់នោះជារឿងសំខាន់មួយសម្រាប់អ្នកស្វែងរកសេចក្តីសុខផ្លូវចិត្ត។

លោកបានបញ្ជាក់ថា ដោយសារតែទីកន្លែងនេះត្រូវការស្អាតបរិសុទ្ធទាំងបរិស្ថាន និងផ្លូវចិត្តនោះទើបមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺមិនត្រឹមតែដាំដើមឈើបន្ថែមលំអរទេ នៅបានដាំដើមផ្កាជាច្រើនដើម្បីលំអរ បន្ថែមភាពស្រស់ស្អាត ញ៉ាំងឱ្យកន្លែងនេះក្លាយជាទីប៉ងប្រាថ្នាអ្នកទេសចរចូលមកកម្សាន្តឥតចេះនឿយណាយ។

គួរបញ្ជាក់ថា កន្លែងវិបស្សនា នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែលស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានបញ្ចប់ការសាងសង់ជាស្ថាពរ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។កន្លែងនេះក្នុងមួយថ្ងៃៗយ៉ាងហោចណាស់មនុស្ស ១០០នាក់ជាងចូលមកកម្សាន្ត និងក៏ដូចជាវិបស្សនាស្វែងរកភាពបរិសុទ្ធផ្លូវចិត្ត និងអារម្មណ៍ស្ងប់ស្ងប់របស់អ្នកទេសចរ ក៏ដូចជាពលរដ្ឋកម្ពុជាទាំងចាស់ក្មេង៕

ដោយ ៖ ម៉ាដេប៉ូ
រូប ៖ លោក សែម បូរិន

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner