រុស្ស៊ីផ្តល់សញ្ជាតិដល់ពលរដ្ឋអាមេរិកជួយធ្វើចារកម្មប្រឆាំងនឹងអ៊ុយក្រែន
មូស្គូ ៖ អាជ្ញាធរដែលតែងតាំងដោយរុស្ស៊ី បាននិយាយនៅថ្ងៃទី១៥ ខែកក្កដាថា ជនជាតិអាមេរិកម្នាក់ ដែលជួយបម្រើផ្នែកចារកម្មប្រឆាំងនឹងកងទ័ពអ៊ុយក្រែន ដើម្បីជួយជាកម្លាំងដល់ប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែន បានទទួលលិខិតលិខិតឆ្លងដែន និងចូលសញ្ជាតិរុស្ស៊ីជាផ្លូវការ។
ថ្លែងបន្ទាប់ពីទទួលបានសញ្ជាតិរុស្ស៊ី, លោក Martindale បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា គាត់គ្មានគម្រោងវិលត្រឡប់ទៅអាមេរិកវិញទេ។ ជាជាងទៅផ្ទះវិញ លោក Martindale វ័យ៣៣ឆ្នាំរូបនេះ បាននិយាយថា គាត់ចង់ស្នាក់នៅទីក្រុងមូស្គូ ហើយចំណាយពេលពេញមួយជីវិតរបស់គាត់នៅជនបទ។
លោកថា នៅពេលសង្គ្រាមបញ្ចប់ ហើយសន្តិភាពត្រូវបានស្ដារឡើងវិញ ខ្ញុំចង់ត្រឡប់ទៅធ្វើស្រែចម្ការវិញ… ខ្ញុំចង់បង្កើតគ្រួសារមួយនៅរុស្ស៊ី ហើយនឹងចូលរួមផលិតឧបករណ៍កសិកម្មសម្រាប់ទីផ្សាររុស្ស៊ីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
គួរកត់សម្គាល់ លោក Daniel Martindale ជាពលរដ្ឋមានដើមកំណើតអាមេរិក បានចំណាយពេលពីរឆ្នាំរស់នៅ និងបម្រើការផ្នែចារកម្មនៅក្នុងទឹកដីអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមការវាយលុក ដោយបញ្ជូនកូអរដោនេនៃទីតាំងយោធាអ៊ុយក្រែនទៅកាន់សេវាសម្ងាត់រុស្ស៊ី នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី។
លោក Martindale បានធ្វើការទំនាក់ទំនងដំបូងជាមួយកងកម្លាំងរុស្ស៊ី តាមរយៈបណ្តាញសង្គម Telegram ដោយបញ្ជូនព័ត៌មានសំខាន់ៗនៃហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន និងព័ត៌មានលម្អិតអំពីតំបន់ Donetsk ជាទីតាំងប្រយុទ្ធគ្នាខ្លាំងបំផុតនៃសង្គ្រាម។
លោក Martindale បានបន្តធ្វើការជាមួយវិមានក្រឹមឡាំងរហូតដល់ទាហានរុស្ស៊ីដែលកំពុងប្រយុទ្ធនៅក្នុងភូមិ Bohoyavlenka នៃទីក្រុង Donetsk បានយកគាត់ចេញពីតំបន់ប្រយុទ្ធ ហើយត្រឡប់ទៅប្រទេសរុស្ស៊ីវិញ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា