អង្គការហ្រ្គេត និងអាជ្ញាធរខេត្តសៀមរាប បញ្ជាក់ពីការជំរុញគម្រោងទឹកស្អាតនិងអនាម័យ
សៀមរាប៖ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ អប់រំ និងផ្លាស់ប្តូរឥរិយាបថ ក្នុងបរិបទគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលរៀបចំឡើងដោយអង្គការហ្រ្គេត (GRET)កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត បានបង្ហាញនូវការគាំទ្រនិងលើកទឹកចិត្តដល់ការអនុវត្តគម្រោងនេះ។
លោកអភិបាលរងបានបញ្ជាក់ថា គោលដៅរួមគ្នារបស់អាជ្ញាធរ និងដៃគូអភិវឌ្ឍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ តាមរយៈការចូលដល់សេវាទឹកស្អាត និងអនាម័យ ដោយមានសមធម៌ និងបរិយាបន្ន។ លោកបន្ថែមថា ការវិនិយោគលើវិស័យនេះ មានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាដល់តំបន់ដាច់ស្រយាល និងបង្កើនគុណភាពជីវិតរបស់ប្រជាជន។
លោកអភិបាលរងក៏បានជំរុញដល់មន្ទីរនិងអង្គភាពពាក់ព័ន្ធ ផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋពីសារៈសំខាន់នៃសុខភាព និងអនាម័យ ។សហការជាមួយដៃគូអភិវឌ្ឍ ដើម្បីបរិស្ថានរស់នៅមានអនាម័យ លើកកម្ពស់ការអប់រំសិស្ស និងបញ្ឈប់ការបន្ទោបង់ពាសវាល។
លោក ពួ ម៉ានិត អគ្គនាយករងប្រព័ន្ធចម្រោះទឹក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងកំពុងខិតខំអភិវឌ្ឍការគ្រប់គ្រងនិងសេវាទឹកស្អាត នៅតំបន់ទីប្រជុំជនក្នុងប្រទេស។ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តកំពុងអនុវត្តក្រោមជំនួយហិរញ្ញប្បទានពី ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD )និងសហភាពអឺរ៉ុប( EU) ដើម្បីលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់ប្រជាជន។
អង្គការហ្រ្គេតក៏ជាដៃគូផ្នែកបច្ចេកទេស ដែលចូលរួមក្នុងការអភិវឌ្ឍសមត្ថភាពអនាម័យ តាមរយៈការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹង។នេះបើតាមលោក ពួ ម៉ានិត បញ្ជាក់។
គួរជម្រាបដែរថា អង្គការហ្រ្គេតបានបញ្ចប់ការស្រាវជ្រាវនិងវិភាគទិន្នន័យនៅខេត្តសៀមរាប និងបាត់ដំបង ហើយកំពុងរៀបចំផែនការយុទ្ធសាស្ត្រទំនាក់ទំនងទូលំទូលាយ។ផែនការនេះផ្តោតលើចំណុចសំខាន់ ៣ រួមមាន៖
១. ការផ្លាស់ប្តូរឥរិយាបថសង្គម,២. ការផ្លាស់ប្តូរឥរិយាបថតាមអនុវត្តន៍និង៣. ការផ្សព្វផ្សាយផ្នែកទីផ្សារ។
គម្រោងនេះមានគោលបំណងធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសនៅជនបទ អាចចូលរួម និងទទួលបានអត្ថប្រយោជន៍ដោយស្មើភាព និងនិរន្តរភាព៕




ដោយ៖ប៊ុនរដ្ឋា